តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ជាផ្លូវការ រួចហើយត្រូវបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី ពាក់ព័ន្ធករណីតារាសម្ដែងឈ្មោះ Chea Naka

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការចោទប្រកាន់ជាផ្លូវការ រួចហើយត្រូវបានបញ្ជូនរឿងទៅចៅក្រមស៊ើបតាមនីតិវិធី ពាក់ព័ន្ធករណីតារាសម្ដែងឈ្មោះ Chea Naka ដែលបានបើកឡានក្នុងស្ថានភាពស្រវឹង បុកបុរសម្នាក់បុកអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុចមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈសពជនរងគ្រោះបានជិះម៉ូតូអាគុយសុខៗ។

តាមប្រភពពីលោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានដឹងថា តំណាងអយ្យការបានចេញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលឲ្យស្លាប់អ្នកដទៃ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក»។

ក្រោយធ្វើការចោទប្រកាន់, តំណាងអយ្យការបានបញ្ជូនរឿងទៅកាន់ចៅក្រមស៊ើបតាមនីតិវិធី។នៅចំពោះតុលាការ ជនបង្កបានសងសំណងដល់ ក្រុមគ្រួសារជនរងគ្រោះ រួចហើយគ្រួសាររងគ្រោះក៏បានដកពាក្យបណ្តឹងវិញផងដែរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាន។

បើតាមប្រភពថាជនរងគ្រោះមានឈ្មោះ សុខ ម៉ាល័យ អាយុ ៣៤ឆ្នាំ មុខរបរលើឥវ៉ាន់ក្នុងប្រលានយន្តហោះ រស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។ ដោយឡែកអ្នកបើកបរមានឈ្មោះ Chea Naka ជាតារាសម្តែងម្នាក់។

បើតាមប្រភពពីអ្នកឃើញហេតុការណ៍ថា ដំបូងឡើយគាត់ឃើញបុរសរងគ្រោះខាងលើជិះម៉ូតូអាគុយ ពណ៌ខ្មៅ មិនមានស្លាកលេខ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត ម៉ាក FORD MUSTANG ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW.0080 បើកបរដោយនារីស្រស់ស្អាតម្នាក់ រួមដំណើរដោយបុរស៣នាក់ទៀត បើកលឿនហើយរេពេញផ្លូវ ដោយសារតែស្រវឹងបានមកបុកបុរសម្នាក់ជិះម៉ូតូអាគុយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ប្រភពបន្តថា នៅពេលនោះ នារីដែលបើករថយន្តបង្កបានចុះមកមានសភាពស្រវឹងស្រាជោគជាំ ក៏មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះមកចាប់អ្នកបើករថយន្តបង្ក យកទៅប៉ុស្តិ៍កាន់នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីសួរនាំតាមនិតិវិធី។

ចំណែកសមត្ថកិច្ចជំនាញបានចុះមកវាស់វែងយកមធ្យោបាយទាំង០២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង