ក្រុមក្មេងស្ទាវៗ ធ្លាប់បង្ហោះម៉ូតូ២៨លើកហើយ ទើបក្រុមប៉ូលិសស្រុកស្អាងចាប់បានយកមកអប់រំដោះលែង!

នៅវេលាម៉ោង១៣៖៣០នាទីរសៀលថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានចុះល្បាតក្នុងភូមិសាស្រ្ដ ស្ថិតនៅចំណុចផ្លូវជាតិលេខ២១B ភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង បានប្រទះឃេីញក្មេងទំនើងឈ្មោះ ពៅ ធារ៉ា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ជាសិស្សថ្នាក់ទី៩(C) នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកអំបិល (គ្មានសារធាតុញៀន) បានធ្វេីសកម្មភាពបើកបរម៉ូតូម៉ាកហុងដាគប់ជ្រុង C50 ពណ៌ទឹកប៊ិច ផ្លាកលេខៈ កណ្តាល 1-Q 4775 ជិះតែម្នាក់ឯង ពីទិសខាងត្បូងទៅទិសខាងជើង ក្នុងល្បឿនលឿន និងបង្ហោះតាមផ្លូវ និងបានធ្វើការឃាត់ខ្លួន។

យោងតាមចម្លើយសារភាពរបស់ឈ្មោះ ពៅ ធារ៉ា ថា ខ្លួន និងបក្សពួកកន្លងមកធ្លាប់បានធ្វើសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ ចំនួន២៨លើក ចាប់ពីព្រំប្រទល់ស្រុកស្អាង រហូតដល់ព្រំប្រទល់ស្រុកកោះធំ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ច​បាននាំយកក្មេងទំនេីងឈ្មោះ ពៅ ធារ៉ា មកធ្វើកិច្ចសន្យាណែនាំអប់រំនៅអធិការដ្ឋាននគរបាលស្រុក និងបានប្រគល់ឲ្យអាណាព្យាបាល​មកធានាយកកូនទៅអប់រំបន្ត៕

អត្ថបទដែលជាប់ទាក់ទង