ក្លិបអ្នកកាសែតកម្ពុជាបើកវគ្គបណ្តុះបណ្តាលរយះពេល២ថ្ងៃជូនអ្នកសារព័ត៌មាន ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន»
នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នេះជាថ្ងៃទី២ នៃវគ្គបណ្តុះបណ្តាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រធានបទទី១ នៅថ្ងៃទី២នេះ គឺ ៖ «សន្តិសុខសាយប័រសម្រាប់ទាំងអស់គ្នា» ដែលសិក្ខាកាមនឹងបានយល់ដឹងអំពីទស្សនទានសន្តិសុខសាយប័រ, យល់ដឹងអំពីហានិភ័យថ្មីៗ និងការគំរាមកំហែងតាមអ៊ីនធើណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ុនធឺណិត អ៊ីមែល និងបណ្តាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន, ចេះកាពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ ធ្វើបទបង្ហាញដោយ លោក គឹម អាន អនុប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។
ប្រធានបទទី២ គឺ៖ «ការការពារសុវត្ថិភាពឧបករណ៍ និងប្រព័ន្ធអ៊ីនធើណិត និងឯកជនភាព ទិន្នន័យរបស់ខ្លួនឯងផ្ទាល់ និងស្ថាប័ន» ធ្វើបទបង្ហាញដោយ៖ លោក សុខ សុវណ្ណ មន្ត្រីជំនាញផ្នែកសន្តិសុខសាយប័រ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមួយវគ្គៗបានធ្វើឡើងរយៈពេល២ថ្ងៃ ដែលគិតមកដល់ពេលនេះ មានអ្នកសារព័ត៌មានជាង ១០០នាក់ហើយបានចូលរួម។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្តល់ជូនអ្នកសារព័ត៌មាននូវចំណេះដឹងបន្ថែមអំពីការប្រើប្រាស់កម្ម វិធីថត កាត់តវីដេអូតាមទូរស័ព្ទដៃ ការEditរូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរស័ព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Messenger, Telegram, What’s App) ជាដើម។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ដែលជាថ្ងៃទី១ នៃវគ្គបណ្តុះបណ្ដាលខាងលើនេះ មានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមចំនួន៣៧នាក់ មកពី២៥ស្ថាប័ន។ ហើយមេរៀននៅព្រឹកថ្ងៃទី១នេះ គឺ «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព» ប្រធានបទ៖ កម្មវិធីផលិតភាពរបស់ទូរសព្ទដៃ ដែលសិក្ខាកាមនឹងស្វែងយល់អំពីមាតិកាហ្វេសប៊ុក, ស្វែងយល់អំពីកម្មវិធីថត និងកាត់តវិឌីអូតាមទូរសព្ទដៃ, ចេះប្រើប្រាស់កម្មវិធីផលិតភាពលើទូរសព្ទដៃ ដែលជួយសម្រួលការងារប្រចាំថ្ងៃ, ចេះថត និងកាត់តវិឌីអូតាមទូរសព្ទដៃ ដែលធ្វើបទបង្ហាញដោយលោក ជី សុផាត អ្នករៀបចំព្រឹត្តិការបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល៕