លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការរៀបចំពិធីបុណ្យរំឭកគុណអង្គរ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាប្រកបដោយមោទនភាពជាតិខ្មែរ»

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ក្នុងពិធីបើកព្រឹត្តិការណ៍រំឭគុណអង្គរលើកទី៣ ដើម្បីរំឭកនឹកគុណដល់ព្រលឹងបុព្វការីជន និងដើម្បីអរគុណដល់សន្ដិភាព ជាពិសេសអបសាទរ រមណីយដ្ឋានអង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅខាងមុខប្រាសាទអង្គរវត្ដ។

នៅក្នុងពិធីដ៏មហានក្ខឬក្សនោះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា, លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវជាភរិយាឥស្សរជនជាន់ខ្ពស់នៃកម្ពុជា ព្រមជាមួយអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។

ក្នុងពិធីដ៏អធិកអធមនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា «ការរៀបចំពិធីរំឭកគុណនេះ គឺជាការបង្ហាញនូវអរិយធម៌ វប្បធម៌ និងប្រវត្ដិសាស្ដ្រដ៏សែនយូរលង់ របស់ជាតិសាសនាដែលមានវ័យចំណាស់មួយនេះ ប្រកបដោយមោទនភាពជាតិខ្មែរ។ មួយវិញទៀត ពិធីនេះក៏បានចូលរួមចំណែកផ្សព្វផ្សាយនូវសក្ដានុពលវប្បធម៌ និងទេសចរណ៍ របស់កម្ពុជា ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ឱ្យបានឃើញនូវស្នាដៃដ៍អស្ចារ្យ ប្រកបដោយទេព កោសលខ្ពស់របស់បុព្វបុរសខ្មែរយើង»

លោកជំទាវបណ្ឌិតបានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី រួមនឹងការបន្ដស្មារតីដ៏ត្រឹមត្រូវនេះ របស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ធ្វើឱ្យវិស័យវប្បធម៌ត្រូវបានលើកតម្កើង ប្រកបដោយភាពប្រទាក់ក្រឡា ជាមួយវិស័យទេសចរណ៍ ដោយមានការគាំទ្រគ្នាទៅវិញទៅមក។ ជាក់ស្ដែងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានទទួលការគាំទ្រ និងកោតសរសើរពីសំណាក់សាធារណៈជន និងភ្ញៀវទេសចរ ស័ក្តិសមជាសម្បត្ដិបេតិកភណ្ឌរបស់មនុស្សជាតិ ដែលយើងត្រូវរួបរួមគ្នារក្សាការពារ និងថែរក្សា ឱ្យបានគង់វង្សជានិច្ចនិរន្ដរ៍។

គួរបញ្ជាក់ថា ពិធីបុណ្យរំឭកគុណអង្គរនេះ គឺជាព្រឹត្តិការណ៍មួយដែលប្រព្រឹត្តិទៅលើថ្នាលសុខសន្តិភាពពេញលេញនៃគោលនយោបាយឈ្នះឈ្នះប្រកបដោយកិត្ដិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងការចាប់ផ្តើមអនុវត្តនូវនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងចាត់ទុកកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌ជាតិជាតំណាងនូវដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ជាអាទិភាពចម្បង៕

អត្ថបទដែលជាប់ទាក់ទង