ចោរឆក់ខ្សែកម្នាក់ត្រូវក្រុមអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅតុលាការ!
កាលពីវេលាម៉ោង២០៖១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីឆក់ខ្សែកមួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាង ខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕