ភិបាលខេត្តព្រះវិហារណែនាំដល់យុវជនត្រូវនាំគ្នាអនុវត្តនូវវិធីសាស្ដ្រ មិត្តអប់រំមិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ពិសេសក្រុមប្រឈមមុខខ្ពស់ ក្នុងចំណោមយុវជន និងអ្នកបម្រើសេវាកម្សាន្ដនានា ត្រូវយកចិត្ត ទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែលមានការប្រព្រឹត្តប្រឈមនឹងការឆ្លងមេរោគអេដស៍ ត្រូវ ចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការ ការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ដើម្បីសុខភាព ផ្ទាល់ខ្លួន និងដើម្បីទប់ស្កាត់ការចម្លងថ្មី និងឈានទៅបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ឱ្យបានសម្រេចជោគជ័យ។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកំឡុងពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ដោយឱសថ ប្រឆាំងមេរោគអេដស៍ ក្នុងបរិវេណមន្ទីរពេទ្យបង្អែកជាំក្សាន្ដ ស្ថិតក្នុងភូមិសាស្ដ្រភូមិជាំក្សាន្ដ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ក៏បានផ្ដាំផ្ញើរដល់ប្រជា ពលរដ្ឋ ពិសេសស្រទាប់យុវជន ត្រូវនាំគ្នាអនុវត្តនូវវិធីសាស្ដ្រ មិត្តអប់រំមិត្ត ក្នុងការចាកឆ្ងាយពី គ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។ ជាមួយនេះ ក្នុងករណីសង្ស័យថា បានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវា ផ្ដល់ប្រឹក្សា និងធ្វើតេស្ដមេរោគអេដស៍ឱ្យបានឆាប់បំផុត ទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងឱ្យបានត្រឹមត្រូវ ទៀតទាត់ និងជាប់លាប់។លើសពីនេះទៀត ត្រូវចូលរួមលើកទឹកចិត្ត និងមិនរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល បានឲ្យដឹងថា ការបញ្ចុះបឋមសិលាសាងសង់អគារព្យាបាលជំងឺអេដស៍នឹងកាមរោគនាពេល នេះមានទំហំ៧ម៉ែត្រ គុណនិង១៦ម៉ែត្រ ធ្វើអំពីថ្ម ប្រក់ស៊ីប្រូស៊ីម៉ង់ ដែលគ្រោងនឹងចាប់ផ្ដើម សាងសង់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ និងបញ្ចប់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចំណាយអស់២៩,២៥៤ ដុល្លាអាមេរិច ក្រោមជំនួយថវិការបស់មូលនិធិសកល តាមរយៈ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ៕

អត្ថបទដែលជាប់ទាក់ទង