ដឹងខ្លួនដូចខ្មោច៧ថ្ងៃ ស្ត្រីជាម្ដាយដែលតែងតែវាយធ្វើបាបកូនស្រីដូចសត្វធាតុស្ទើររាល់ថ្ងៃ បានរត់គេចខ្លួន ខណៈពលរដ្ឋរស់នៅក្បែរផ្ទះជួយប្ដឹងប៉ូលិសឲ្យជួយអន្តរាគមន៍

ដឹងខ្លួនដូចខ្មោច៧ថ្ងៃ, ស្ត្រីជាម្ដាយម្នាក់ដែលតែងតែវាយធ្វើបាបកូនស្រីដូចសត្វធាតុស្ទើររាល់ថ្ងៃ បានរត់គេចខ្លួន ខណៈពលរដ្ឋរស់នៅក្បែរផ្ទះជួយប្ដឹងមន្ត្រីនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានឲ្យដឹងថា មានករណីក្មេងស្រីម្នាក់ត្រូវបានម្ដាយបង្កើតវាយធ្វើបាបដូចសត្វធាតុរៀងរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ដែលគេពុំដឹងថា ស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ ហើយដោយសារតែអាណិតអាសូរក្មេងស្រីរងគ្រោះខ្លាំពេក ទើបស្រ្តីអ្នកលក់ដូរចាបហួយម្នាក់ចេញមុខប្ដឹងឲ្យនគរបាលមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ស្រីពេជ្រ អាយុ ១៤ឆ្នាំ ចំណែកស្រ្តីជាម្ដាយឈ្មោះ សុ ផាន់នី រស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ បានប្រាប់ថា ម្ដាយរបស់នាងមានប្ដី៣នាក់ រួចមកហើយ។ នាងមិនបានដឹងថាយ៉ាងម៉េចទេ ទើបម្ដាយចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ ហើយបង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ បង្អត់បាយទឹកថែមទៀតផង ហើយបានវាយធ្វើបាបរាប់ខែរាប់ឆ្នាំមកហើយ។

ប្រភពព័ត៌មានបានបន្តថា ដោយមានស្រ្តីម្នាក់បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះខាងលើឲ្យជួយលក់ដូរនៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលក្នុង១ខែ ១០០ដុល្លារ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ។ គាត់បានឃើញនាងមានស្នាមរបួសពេញខ្លួនក៏បានសួរនាំ ពេលនោះក្មេងស្រីរងគ្រោះបានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ បន្ទាប់មកនៅវេលាល្ងាចឡើង ក្រោយចប់ម៉ោងលក់ដូរនៅផ្ទះគាត់ ហើយក្មេងស្រីរូបនេះត្រឡប់ទៅដល់ផ្ទះវិញ គាត់បានទៅលបមើលនាងដល់ផ្ទះ ហើយពិតជាបានឃើញម្ដាយវាយធ្វើបាបរាល់ថ្ងៃមែន។

ស្ត្រីរូបនោះបាននិយាយទៀតថា បន្ទាប់ពីបានឃើញជាក់ស្ដែងបែបនេះ គាត់មានការអាណិតអាសូរដល់ក្មេងស្រីរងគ្រោះខ្លាំងណាស់ ហើយដោយមិនអាចនៅស្ងៀមបាន ទើបនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយអន្តរាគមន៍តែម្ដង។

គួរបញ្ជាក់ថា ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលក៏បានចេញទៅកាន់ផ្ទះនោះ ប៉ុន្តែនៅពេលទៅដល់ទំនងជាម្ដាយរូបនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង