Update: ករណីស្ត្រីជាម្ដាយដែលតែងតែវាយធ្វើបាបកូនស្រីដូចសត្វធាតុរាល់ថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួន ខណៈក្មេងស្រីរងគ្រោះត្រូវបញ្ជូនទៅខាងសង្គមកិច្ច

 

ករណីស្ត្រីជាម្ដាយម្នាក់ដែលតែងតែវាយធ្វើបាបកូនស្រីដូចសត្វធាតុរាល់ថ្ងៃ បានរត់គេចខ្លួន ខណៈពលរដ្ឋរស់នៅក្បែរផ្ទះជួយប្ដឹងមន្ត្រីនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ឃាត់ខ្លួនបានហើយ ខណៈក្មេងស្រីរងគ្រោះត្រូវបញ្ជូនទៅខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
។ នេះបើតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារបណ្ដាញសារព័ត៌មាន The Mirror News នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងទៀតថា បើតាមប្រភពព័ត៌មានពីលោកអធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនស្ត្រីជាម្ដាយដែលបានវាយធ្វើបាបកូនរាល់ថ្ងៃនោះហើយ។

ប្រភពបន្តថា បច្ចុប្បន្នស្ត្រីជាម្ដាយត្រូវបានឃាត់ខ្លួនដើម្បីសាកសួរនៅអធិការខណ្ឌពោធិ៍សែនជ័យ។ ប្រភពបន្តថា ស្ត្រីជាម្ដាយមានកូនម្នាក់អាយុ៧ឆ្នាំ ដែលមានជំងឺទឹកផ្អែម ប្រភេទធ្ងន់ធ្ងរ ហើយត្រូវចាក់អាំងស៊ូលីនមួយថ្ងៃ៣ដងរៀងរាល់ថ្ងៃ។

ប្រភពបន្តទៀតថា ស្ត្រីជាម្ដាយធ្លាប់រស់នៅប្រទេសម៉ាឡេស៊ី និងធ្លាប់ត្រូវបានគេវាយធ្វើបាបរូបគាត់ ទើបគាត់បានធ្វើសកម្មភាពវាយកូនស្រីរបស់គាត់ដូចគ្នា។

ប្រភពព័ត៌មានបានបញ្ជាក់ថា មកទល់ពេលនេះ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យមិនទាន់មានចំណាត់ការយ៉ាងណានោះទេ ដោយរងចាំការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញសិន។ ហើយកូនម្នាក់ទៀត ក៏មិនទាន់ដឹងថា គួរបញ្ជូនទៅខាងសង្គមកិច្ចឬយ៉ាងណានោះទេ ខណៈស្ត្រីជាម្ដាយមានសភាពញ័រផង អរផង ភ័យផង។

គួរជម្រាបជូនថា មានករណីក្មេងស្រីម្នាក់ត្រូវបានម្ដាយបង្កើតវាយធ្វើបាបដូចសត្វធាតុរៀងរាល់ថ្ងៃ មានពេលខ្លះបង្ខាំងទុកនៅក្នុងផ្ទះ បង្អត់បាយទឹកថែមទៀតផង ដែលគេពុំដឹងថា ស្ដ្រីជាម្ដាយរូបនោះ គិតអ្វីនោះឡើយ ហើយដោយសារតែអាណិតអាសូរក្មេងស្រីរងគ្រោះខ្លាំពេក ទើបស្រ្តីអ្នកលក់ដូរចាបហួយម្នាក់ចេញមុខប្ដឹងឲ្យនគរបាលមូលដ្ឋានសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះឈ្មោះ ស្រីពេជ្រ អាយុ ១៤ឆ្នាំ ចំណែកស្រ្តីជាម្ដាយឈ្មោះ សុ ផាន់នី រស់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ បានប្រាប់ថា ម្ដាយរបស់នាងមានប្ដី៣នាក់ រួចមកហើយ។ នាងមិនបានដឹងថាយ៉ាងម៉េចទេ ទើបម្ដាយចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ ហើយបង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ បង្អត់បាយទឹកថែមទៀតផង ហើយបានវាយធ្វើបាបរាប់ខែរាប់ឆ្នាំមកហើយ។ដោយមានស្រ្តីម្នាក់បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះខាងលើឲ្យជួយលក់ដូរនៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលក្នុង១ខែ ១០០ដុល្លារ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល៥ថ្ងៃប៉ុណ្ណោះ។ គាត់បានឃើញនាងមានស្នាមរបួសពេញខ្លួនក៏បានសួរនាំ ពេលនោះក្មេងស្រីរងគ្រោះបានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ បន្ទាប់មកនៅវេលាល្ងាចឡើង ក្រោយចប់ម៉ោងលក់ដូរនៅផ្ទះគាត់ ហើយក្មេងស្រីរូបនេះត្រឡប់ទៅដល់ផ្ទះវិញ គាត់បានទៅលបមើលនាងដល់ផ្ទះ ហើយពិតជាបានឃើញម្ដាយវាយធ្វើបាបរាល់ថ្ងៃមែន។

ស្ត្រីរូបនោះបាននិយាយទៀតថា បន្ទាប់ពីបានឃើញជាក់ស្ដែងបែបនេះ គាត់មានការអាណិតអាសូរដល់ក្មេងស្រីរងគ្រោះខ្លាំងណាស់ ហើយដោយមិនអាចនៅស្ងៀមបាន ទើបនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ឲ្យជួយអន្តរាគមន៍តែម្ដង។

គួរបញ្ជាក់ថា ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងនគរបាលក៏បានចេញទៅកាន់ផ្ទះនោះ ប៉ុន្តែនៅពេលទៅដល់ទំនងជាម្ដាយរូបនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទដែលជាប់ទាក់ទង