សូមអបអរសាទរ ឯកឧត្តម ឯម ច័ន្ទមករា ត្រូវបានមហាសន្និបាត គណបក្សប្រជាជនកម្ពុជាសម្រេចបញ្ចូលជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្ស
សូមអបអរសាទរ ឯកឧត្តម ឯម ច័ន្ទមករា ដែលត្រូវបានមហាសន្និបាត គណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ សម្រេចបញ្ចូលជាសមាជិកទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។ នេះបើតាមសំណើសុំជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្ដាលដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។
គួរជម្រាបជូនថា គណបក្សប្រជាជនកម្ពុជាបានបន្តបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នៅឯវិមាន៧មករា រាជធានីភ្នំពេញនៅថ្ងៃទី២។
មហាសន្និបាតវិសាមញ្ញនេះ មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី០៩-១០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតិភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
នៅក្នុងមហាសន្និបាតកាលពីម្សិលមិញ សមាជិកចំនួន៤៩៦នាក់បន្ថែមទៀត ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចបញ្ចូលទៅក្នុង គណៈកម្មាធិការកណ្តាលគណបក្ស។
ការបន្ថែមសមាជិកថ្មីជិត៥០០នាក់នេះ ធ្វើឱ្យ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច មានសមាជិកសរុបរហូតដល់ ១៣១២រូប។
គួរបញ្ជាក់ថា ក្រៅពីបោះឆ្នោតបញ្ចូលសមាជិកថ្មីបន្ថែមទៀតទៅក្នុងគណៈកម្មាធិការកណ្តាល នៅក្នុងមហាសន្និបាតវិសាមញ្ញលើកនេះ ក៏នឹងមានការបោះឆ្នោតការបន្ថែមអនុប្រធានគណបក្ស និងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ផងដែរ៕