ក្រុមប៉ូលិសខេត្តតាកែវបង្ក្រាបបានក្រុមអ្នកលេងកាំភ្លើងកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនបាន៤នាក់
នៅវេលាម៉ោង៩៖១៥នាទី ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងបានទទួលបញ្ជាពីលោកវរសេនីយ៍ឯក ចុល ចេក ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវដឹកនាំដោយលោកវរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាប ទីតាំងមួយកន្លែងនៅចំណុចក្នុងភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖ ១-ឈ្មោះ រ៉ាប់ វិចិត្រ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិខ្លាក្រហឹម ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកប្រើប្រាស់គ្រឿងញៀន។, ២-ឈ្មោះ ខៃ ហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទី លំនៅភូមិស្នេ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាអ្នកប្រើប្រាស់គ្រឿងញៀន។, ៣-ឈ្មោះ សាយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រាវអែម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកប្រើប្រាស់គ្រឿងញៀន។, និង៤-ឈ្មោះ វង្ស ឡេង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ ក ម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន៨កញ្ចប់, ទូរស័ព្ទ ចំនួន៥គ្រឿង, កាំភ្លើងកែច្នៃ ចំនួន៣ដើមនិងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕