អ្នកនាំពាក្យ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បញ្ជាក់ថា គណនីហ្វេសប៊ុកឈ្មោះ «កូន ដំរី សរ» យករូបលោកស្នងការនគរបាលខេត្តកណ្តាលទៅដាក់ ក្នុង Profile គឺមានចេតនាទុច្ចរិត

លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ឲ្យបណ្ដាញសារព័ត៌មាន The Mirror News ដឹងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះថា គណនីហ្វេសប៊ុកឈ្មោះ «កូន ដំរី សរ» ដែលបានយករូបថតរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលទៅដាក់លើ Profile ក្នុងគណនីហ្វេសប៊ុករបស់ខ្លួនគឺមានចេតនាទុច្ចរិត ខណៈកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោស។

លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអះអាងទៀតថា ចំពោះគណនីហ្វេសប៊ុកឈ្មោះ «កូន ដំរី សរ» នេះ គឺជាគណនីហ្វេសប៊ុកក្លែងក្លាយ បង្កើតឡើងដោយក្រុមអនាមិក ដែលមានចេតនាមិនល្អ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ទៀតថា ទោះបីជាយ៉ាងណា បច្ចុប្បន្នកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «កូន ដំរី សរ» ខាងលើនេះ ដើម្បីធ្វើការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ទន្ទឹមនោះ លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី បានអំពាវនាវដល់សាធារណជនឲ្យបានជ្រាប ជៀសវាងមានការចាញ់បោក ឬមានការភ័ន្តច្រឡំដោយប្រការណាមួយ៕

អត្ថបទដែលជាប់ទាក់ទង