ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ផ្ដាំទៅអ្នកវិភាគឱ្យប្រកាន់គោលការណ៍ «ខួរក្បាលធំជាងអណ្ដាត»

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្ដាំទៅអ្នកវិភាគថា ប្រសិនជាពួកគេពិតជាចង់ជួយជាតិ ធ្វើឱ្យជាតិមានសក្ដានុពលលើឆាកអន្តរជាតិពិតប្រាកដពួកគេគួរតែប្រកាន់យកគោលការណ៍ «ខួរក្បាលធំជាងអណ្ដាត»។

ថ្លែងក្នុងសន្នីសិទសារព័ត៌មាននៅយប់ថ្ងៃអង្គារ៍ ទី១២ ខែធ្នូ ឆ្នាំ២០២៣ បន្ទាប់ពីនាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រលប់ដល់កម្ពុជាវិញ ឯកឧត្ដម ហ្សង់ហ្វ័្រងស័រ បានចាត់ទុកការលើកឡើងថាការធ្វើដែលធ្វើឡើងដោយអ្នកវិភាគមួយចំនួនដែលថាការធ្វើដំណើររបស់នាយករដ្ឋមន្ត្រីទៅប្រទេសវៀតណាមនៅពេលនេះជាការស្អំចិត្តវៀតណាមបន្ទាប់ពីកម្ពុជាមានភាពស្និតស្នាលនិងចិនខ្លាំងបន្ទាប់ពីសម្ដេចធិបតីកាន់អំណាចថាជាការវិភាគដែលយកគំនិតថា កម្ពុជានៅតែជាប្រទេសរណបវៀតណាម និងចិន។

ឯកឧត្តមបានចាត់ទុកការលើកឡើងនេះមានចេតនាក្នុងការបន្តុចបង្អាក់កិត្យានុភាពជាតិ ដោយបានផ្ដាំឱ្យប្រកាន់គោលការណ៍មួយដែលឯកឧត្ដមថា «គោលការណ៍ខួរក្បាលធំជាងអណ្ដាត»។

ឯកឧត្តមថា៖ «ប្រសិនជាយើងចង់ឃើញកម្ពុជាទាញយកប្រយោជន៍បានពីទំនាក់ទំនងអន្តរជាតិរវាងបណ្ដាប្រទេសជិតខាង ក្នុងតំបន់ និងលើឆាកអន្តរជាតិ ម្នាក់ៗទាំងអ្នកចេះដឹងទាំងសាមញ្ញជនពលរដ្ឋខ្មែរធម្មតាគួរតែប្រកាន់គោលការណ៍មួយធ្វើយ៉ាងណាគួរតែមានខួរក្បាលធំជាងអណ្ដាត»។

ដោយទំនងសំដៅឱ្យប្រើប្រាស់ការគិតច្រើនជាងនិយាយ ឯកឧត្តម ហ្សង់ បានបន្ថែមថាការគិតប្រយោជន៍ជាតិជាធំជារឿងសំខាន់ ព្រោះការវិភាគនិងថ្លែងការណ៍មួយចំនួនពិតជាប៉ះពាល់ដល់ទំនាក់ទំនង និងប្រយោជន៍របស់ជាតិ។

គួរឱ្យដឹងដែរថានាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ទស្សនកិច្ចរបស់សម្ដេចនៅប្រទេសវៀតណាមនៅថ្ងៃទី១២ ខែធ្នូនេះ ជាមួយនឹងការបន្តនូវទំនាក់ទំនងដ៏ល្អ និងគួរឱ្យជឿជាក់មួយដល់ប្រទេសជិតខាងមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង