ប៉ូលិសក្រសួងមហាផ្ទៃបង្ក្រាបបានក្រុមចោរលួចកាច់កម៉ូតូប្រដាប់អាវុធយ៉ាងសកម្មក្នុងរាជធានីភ្នំពេញបាន២នាក់
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលព័ត៌មានថា មានករណីកាច់កម៉ូតូជាបន្តបន្ទាប់ ក្នុងភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌដូនពេញ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ប្រដាប់ដោយអាវុធខ្លីមួយដើម។
ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើប្រាស់កម្លាំងជំនាញដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ដើម្បីចុះល្បាតតាមភូមិសាស្រ្តខាងលើ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២០និង ១០នាទី កម្លាំងជំនាញយើងបានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ កំពុងធ្វើសកម្មភាពកាច់ករម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JX-9143 ដែលជនរងគ្រោះបានចតនៅមុខអាគារម្តុំសួនច្បារវត្តបទុមវត្តី ផ្លូវលេខ២៤៦ កែងផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ភ្លាមនោះ សមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ តែជនសង្ស័យបានដឹងខ្លួនហើយដកអាវុធខ្លីមួយដើម ពណ៌ស ម៉ាក LLama Max-II បាញ់មកលើសមត្ថកិច្ចយើងបណ្តាលឲ្យ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រងរបួសត្រង់ភ្លៅខាងឆ្វេង ក្រោយពីបាញ់អស់គ្រាប់ជនសង្ស័យបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចយើងឃាត់ខ្លួនបាន។
អត្តសញ្ញាណជនសង្ស័យ៖
១-ឈ្មោះ ប្រឹង សំណល់ ហៅ រស់ ចាន់ធី ហៅ រស់ សារិន ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ ធី សារឿន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិដូនទុង ឃុំព្រះនេត្រព្រះ ស្រុកមេសាង ខេត្តព្រៃវែង ។
វត្ថុតាងចាប់យករួមមាន៖
១-អាវុធម៉ាក LLama Max-II ១ដើម
២-ម៉ូតូម៉ាក Click ពណ៌ស ១គ្រឿង ស្លាកលេខ ព្រៃវែង 1X-4127 (ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)
៣-ម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1JX-9143 (ម៉ូតជនរងគ្រោះ)
៤-ដែកអក្សរតេ ចំនួន ០១
៥.ដែកសំប៉ែតកាច់ករម៉ូតូ ចំនួន ០៤
៦-កូនសោមួយចំនួន
៧-ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក
បន្ទាប់ពីធ្វើការឃាត់ខ្លួនកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ។
ក្រោយពីធ្វើការសាកសួរចប់ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៧ ព្រឹក ពួកខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាក Click ពណ៌ស ឆ្នាំផលិត២០២០ ពាក់ស្លាកលេខ ព្រៃវែង 1X-4127 ចេញពីវត្តសន្សំកុសល ដើម្បីដើររកលួចម៉ូតូ (កាច់កម៉ូតូ) ដែលគេចតតាមផ្លូវសាធារណៈ។ រហូតដល់វេលាម៉ោងប្រហែល ១៦និង៣០នាទី ពួកខ្លួនបានជិះមកដល់ម្ដុំផ្សារទួលទំពូងបានឃើញម៉ូតូ ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ ដែលគេចតទុកមុខហាង ហើយឈ្មោះ ធី សំណល់ បានធ្វើសកម្មភាពយកដែកសំប៉ែតមុខស្រួចបុកទម្លុះបំបែកសោរកាច់ករបានសម្រេច រួចជិះទៅលក់ឲ្យបុរសម្នាក់នៅផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលកួរស្រូវ។
ពេលលក់បានហើយពួកខ្លួនក៏ជិះម៉ូតូចូលមកភ្នំពេញវិញ ដើម្បីដើររកលួចបន្តទៀត រហូតដល់ម៉ោងប្រហែល ២០ ពេលមកដល់ម្ដុំសួនច្បារវត្តបទុមក៏បានឃើញម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ដែលចតទុកចោលមុខអាគារមួយកន្លែង ហើយពួកខ្លួនបានដកអាវុធខ្លីដែលសៀតនៅចង្កេះមកបញ្ចូលគ្រាប់ រួចដើរសំដៅទៅរកម៉ូតូដែលគេចតទុកចោលនោះ។
ពេលកំពុងធ្វើសកម្មភាពកាច់ករបានសម្រេចហើយបំរុងជិះគេចខ្លួនក៏ឃើញមានសមត្ថកិច្ច ទៅដល់ហើយពួកខ្លួនបានបាញ់តបតជាមួយសមត្ថកិច្ចបណ្តាលឲ្យសមត្ថកិច្ចម្នាក់រងរបួស ពេលបាញ់អស់គ្រាប់ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។ ចំពោះអាវុធខ្លីគឺពួកខ្លួនបានមកពីឈ្មោះ ពៅ ដែលធ្លាប់ដើរលួចកាច់កម៉ូតូជាមួយគ្នា ហើយឈ្មោះ ពៅ នេះគឺត្រូវបានប៉ូលីសបាញ់ស្លាប់កាលពីកន្លះឆ្នាំមុនបាត់ទៅហើយ។
ក្រៅពីសកម្មភាពលួចកាច់ករម៉ូតូខាងលើនេះ ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពលួច (កាច់កម៉ូតូ) បានសម្រេចចំនួន ០៥លើកទៀត នៅក្នុងភូមិសាស្រ្តខណ្ឌទួលគោក ០១លើក, ដូនពេញ ០១លើក, ច្បារអំពៅ ០១លើក និងខណ្ឌចំការមន ០២លើក ហើយម៉ូតូដែលលួចបានគឺយកទៅលក់ឲ្យបុរសម្នាក់នៅខេត្តតាកែវ។
បច្ចុបប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងវត្ថុតាងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ដោយឡែក ម៉ូតូ២គ្រឿង ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ បន្ទាប់ពីផ្ទៀងផ្ទាត់ឯកសារត្រឹមត្រូវ៕