ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំដំបូងរបស់គណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត
ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល នាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប និងបន្តទៅក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំដំបូងនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងអនុវត្តការសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF) ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាបក្នុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤ខាងមុខ។
គួររំលឹកថា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ ដែលបានបើកឱ្យដំណើរការរយៈពេលជាង១ឆ្នាំមកហើយ ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ ទៅតាមផែនការដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះ មានប្រវែងប្រមាណជាង៤០០គ.ម ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕