រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាលបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដែលដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ក្រុមហ៊ុន Pfizer ដែលកន្លងមក បានរួមចំណែកគាំទ្រ ដល់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅប្រទេសកម្ពុជា ដូចជាការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ (វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុងដំណាក់កាលនៃការរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ១៩។
លោក Nirutti Pradubyati នាយកផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Pfizer បានជួបសំដែងការគួរសម និងពិភាក្សាការងារ។ លោក Nirutti Pradubyati ក៏បានជម្រាបជូនអំពីគម្រោង Accord for a Healthier World ដែលជាគម្រោងផ្តោតលើការកាត់បន្ថយគម្លាតសមធម៌សុខភាព តាមរយៈការលក់ជូននូវឱសថ និងវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer នូវតំលៃទាប និងមិនគិតពីប្រាក់ចំណេញ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer និងសូមស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនពី អាទិភាពសំខាន់ៗវិស័យសុខាភិបាល ទាំងបីរួមមាន៖ ១-ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ២៤ម៉ោង, ២-ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និង៣- ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តក្រុមហ៊ុន Pfizer ត្រូវតែពិភាក្សាកិច្ចសហការនេះជាមួយក្រុមការងារបច្ចេកទេស ជាពិសេសត្រូវតែគិតគូ និងចាប់ផ្តើមគម្រោងសាកល្បង (Pilot Project) ជាមួយមន្ទីរណាមួយជាមុនសិន មុននឹងបន្តគម្រោងនៅទូទាំងប្រទេស៕