រដ្ឋមន្ត្រីក្រសួងសាធារណការអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង២ ព្រមទាំងប្រគល់ជូនរដ្ឋបាលខេត្តគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីបម្រើជាសាធារណៈប្រយោជន៍។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាភិបាលខេត្តកំពត អ្នកតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា គណៈប្រតិភូអមដំណើរ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើនរូប។

ជម្រាបទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបានសាងសង់ និងដាក់សម្ពោធនាពេលនេះ ពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់ ក្រសួង ក៏បាននិងកំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ផងដែរ នោះគឺការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ដែលកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្ត្រី បានយកឱកាសនេះ សម្តែងនូវអំណរគុណដល់អាជ្ញាធរខេត្តកំពត ធនាគារអភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរួមសហការយ៉ាងសកម្ម ធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលនេះឡើង។

ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យអ្នកពាក់ព័ន្ធទាំងអស់គ្នា សូមចូលរួមថែរក្សាការពារ ធ្វើយ៉ាងណាឱ្យគម្រោងមួយនេះស្ថិតស្ថេរគង់វង្ស ប្រើប្រាស់បានយូរអង្វែងទៅអនាគត។

សូមជម្រាបដែរថា៖ គម្រោងនេះមានទីតាំងស្ថិតនៅក្រុងកំពត ខេត្តកំពត គ្របដណ្តប់លើផ្ទៃដីសរុបទំហំ ៣៩៥,៧២ ហិកតា ដែលស្ថិតក្នុងសង្កាត់ចំនួន ៤ រួមមាន៖ សង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ ហិកតា។

គម្រោងនេះចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ២០ លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB។

ជារួម ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច ចែកចេញជាពីរផ្នែកធំៗគឺ ១-ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង២-ប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រគូប/ម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣៣៦០ម៉ែត្រគូប/ថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង