ប្រជាជនថៃកំពុងផ្ទុះប្រតិកម្ម និងថ្កោលទោសខ្លាំងៗ ចំពោះគណបក្សកាវក្លៃ ដែលបានបណ្តុះបណ្តាលក្រុមនយោបាយកម្ពុជាឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាលើទឹកដីថៃ
អតីតតំណាងរាស្រ្តបក្សប្រជាធិបតេយ្យ ប្តឹងទៅរដ្ឋាភិបាលថៃ ដោយអំពាវនាវឲ្យអនុវត្តច្បាប់យ៉ាងតឹងរឹងចំពោះជនបរទេសយកទឹកដីថៃ ដើម្បីប្រឆាំងប្រទេសជិតខាង។
មតិប្រតិកម្ម និងការថ្កោលទោសខ្លាំងៗ បានធ្លាក់មកជាបន្ដបន្ទាប់របស់ប្រជាជនថៃ បន្ទាប់ពីឃើញសកម្មភាពខុសច្បាប់របស់គណបក្សកាវក្លៃ (Move Forward Party) ដែលបានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា។ សកម្មភាពនេះ ក្រុមអ្នកប្រជាធិបតេយ្យថៃ បានចាត់ទុកថា ជាអំពើខុសច្បាប់ដែលលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា ហើយប្រៀបដូចជាការយកភ្លើងចូលផ្ទះ។
ដោយទ្រាំមិនបានចំពោះសកម្មភាពខុសច្បាប់នេះ ក្រុមទំនាក់ទំនងបណ្ដាញផ្នែកប្រជាជនដើម្បីប្រជាធិបតេយ្យរបស់ថៃ ដឹកនាំដោយបណ្ឌិត ថែនខុន ចីតអីសារ៉ាក់ ជាអតីតតំណាងរាស្ដ្រមណ្ឌលបាងកករបស់គណបក្សប្រជាធិបតេយ្យរបស់លោក អាភីស៉ីត បានដាក់ញ្ញត្តិទៅរាជរដ្ឋាភិបាលថៃ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។ ខ្លឹមសារសំខាន់ក្នុងញ្ញតិនោះ គឺសុំប្ដឹងចំពោះសកម្មភាពគាំទ្រដល់ពួកប្រឆាំងរបស់រដ្ឋាភិបាលកម្ពុជា ដោយគណបក្សកាវក្លៃ។
ក្នុងលិខិតបានដាក់ស្នើសុំឲ្យរាជរដ្ឋាភិបាលថៃ ក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ពិសេសរដ្ឋមន្ដ្រីការពារជាតិថៃ ក្រុមអ្នកប្រជាធិបតេយ្យថៃ បានស្នើឲ្យមានការត្រួតពិនិត្យសកម្មភាពរបស់គណបក្សកាវក្លៃ ដែលជាគណបក្សប្រឆាំងរបស់ថៃ បន្ទាប់ពីបានធ្វើសកម្មភាពគាំទ្រចលនាពួកប្រឆាំងរាជរដ្ឋាភិបាល និងបានយកទីតាំងប្រទេសថៃ ធ្វើជាកន្លែងសម្រាប់អប់រំផ្នែកនយោបាយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រទេសជិតខាង។ ខ្លឹមសារក្នុងញ្ញត្តិនោះ រួមមាន៖
ទី១៖ ប្រសិនបើករណីនេះកើតមាន ដោយគណបក្សកាវក្លៃ គឺជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ
ទី២៖ ធ្វើឲ្យប៉ះពាល់ច្បាប់ប្រទេសថៃ ដែលប្រទេសថៃ មិនអនុញ្ញាតឲ្យបរទេសណាមួយយកទឹកដីថៃ ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលស្របច្បាប់ប្រទេសផ្សេងៗនោះទេ ពិសេសប្រទេសអាស៊ាន។
បន្ទាប់ពីដាក់ញ្ញត្តិកាលពីថ្ងៃទី១៩ ខែធ្នូ នៅទីស្ដីការគណៈរដ្ឋមន្ដ្រីថៃ ដែលមានលោក សុធីន ខ្លាំងសែង រដ្ឋមន្រ្តីការពារជាតិហើយសន្យាថា នឹងយកពាក្យបណ្ដឹងនេះទៅពិនិត្យស្រាវជ្រាវ ហើយប្រសិនបើរកឃើញថា ខុសច្បាប់ពិតមែននោះ នឹងចាត់វិធានការយ៉ាងតឹងរឹងបំផុត។ រហូតដល់ថ្ងៃទី២០ ខែធ្នូម្សិលមិញនេះ ក៏បានទៅដាក់ពាក្យនៅក្រសួងការបរទេស បន្ទាប់មកបានបន្ដទៅគណៈកម្មការសន្ដិសុខ និងនគរបាលរបស់សភាថៃ។
គួរជម្រាបថា នៅតាមរយៈបណ្ដាញសង្គម ក៏មានការអ្នកបញ្ចេញមតិយោបល់យ៉ាងច្រើនដោយស្ដីបន្ទោសទៅលើគណបក្សកាវក្លៃ ដែលបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា ប្រៀបដូចជាការយកភ្លើងចូលក្នុងផ្ទះយ៉ាងដូច្នេះដែរ។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានទាមទារឲ្យរដ្ឋាភិបាល ពិសេសក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ត្រូវចាត់វិធានការជាបន្ទាន់ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃ ហើយក៏អំពាវនាវសូមកុំឲ្យជនបរទេសយកទឹកដីថៃ ធ្វើនយោបាយប្រឆាំងប្រទេសជិតខាង ឬប្រទេសដទៃផ្សេងទៀត។
សូមបញ្ជាក់ថា គណបក្សកាវក្លៃ (Move Forward Party) ជាគណបក្សដែលមាននិន្នាការប្រឆាំងរបបរាជានិយមនៅក្នុងប្រទេសថៃ៕