សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែនៅខេត្តព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់តែម្ដង មិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា សម្តេចបានប្រគល់ភារកិច្ចឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើផែនការមេមួយដើម្បីសម្របសម្រួលសម្រាប់ផែរបស់កម្ពុជា ជាពិសេសកំពង់ផែទឹកប្រៃ ខេត្តព្រះសីហនុ ដើម្បីរៀបចំជាយុទ្ធសាស្ត្រប្រទាក់ ក្រឡាគ្នាទៅវិញទៅមកដើម្បីឲ្យផែនៅកម្ពុជាមានដំណើរការល្អ ហើយផែនៅខេត្តព្រះសីហនុគឺជាផែនាំមុខក្នុងការធ្វើពាណិជ្ជកម្មពិភពលោកនឹងតំបន់ ជាផែមជ្ឈមណ្ឌល logistics តំបន់តែម្ដងមិនមែនសម្រាប់តែកំពង់ផែជាតិនោះទេ។

សម្តេចធិបតីបន្តថា ម្សិលមិញសម្តេចក៏បានប្រគល់ភារកិច្ចឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដើម្បីសិក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍន៍ផែទឹកសាបនៅកម្ពុជាផងដែរ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ ប្រវែង៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង