ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកសង្កែ
(បាត់ដំបង)៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២២៖២០នាទី នៅផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៥៩/២៦០ ក្រុមទី៦ ភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូបុករថយន្តបណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់។
លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានរាយការណ៍ឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូម៉ាក HONDA CLICK ពណ៍ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉េត វ៉ាយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់នៅហ្នឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរឈ្មោះ ឃឿន វុធ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង (រងរបួសធ្ងន់) បានបុកនិងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ធុនធ្ងន់ពាក់ស្លាកលេខ PP-0135 ចង្កូតស្ដាំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនពីរកន្លែងកើតហេតុ។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានបញ្ជាក់ដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូបើកបរពីជើងទៅត្បូងបានឡើងវ៉ាជែងមិនប្រយ័ត្នបានរ៉េចង្កូត ទៅបុកពីក្រោយរថយន្តពេញទំហឹងតែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕