Breaking News: អ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្តីថ្លែងការណ៍ថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់យ៉ាងច្បាស់ថា « ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឲ្យក្រសួងធម្មការ និងសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន គឺមិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ»

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី២១ ធ្នូ នៅក្រសួងបរិស្ថានដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតីបានបិទមិនឱ្យព្រះអង្គចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា សម្តេចធិបតីបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ពិនិត្យមើលសកម្មភាពគ្រូចូលរូបមួយចំនួន ដែលកំពុងបំពុលសង្គមដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំដល់ការប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ប្រសាសន៍ណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើព្រះអង្គចន្ទមុនីនោះឡើយ គឺចង់សំដៅទៅលើតែគ្រូចូលរូបមួយចំនួនតែប៉ុណ្ណោះ។ អាស្រ័យហេតុនេះសូមសាធារណជនជ្រាប៕

អត្ថបទដែលជាប់ទាក់ទង