សមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋានខេត្តកណ្ដាលកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ «KCTV Cambodia» ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត

បន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុកឈ្មោះ «KCTV Cambodia» បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ថា៖ «វង់ល្បែងស៊ីសងនៅស្រុកស្អាង ស្រុកកោះធំ និងក្រុងសំពៅពូន គេលេងយ៉ាងគគ្រឹមគគ្រេង តែលោក ឈឿន សុចិត្ត ហាក់នៅសម្ងំស្ងៀមមិនឃើញឲ្យកូនចៅបង្រ្កាបឡើយ តើមានហេតុអ្វីទៅទាន់»។

ស្នងការដ្ឋាននគរបាលខេត្តកណ្តាល «សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម»

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានអះអាងថា «ចំពោះព័ត៌មានខាងលើ គឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ»

ទាក់ទិនការបង្ហោះព័ត៌មានមិនពិតខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា «ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត»

ទន្ទឹមនោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើសុំឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៍នៃក្រសួងព័ត៌មានចាត់វិធានការ និងជួយស្វែងរកមុខគេហទំព័រឈ្មោះ «KCTV Cambodia» ដើម្បីផ្តន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់។

ជាថ្មីម្ដងទៀត ស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមអំពាវនាវឲ្យនាំគ្នាចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត៕

អត្ថបទដែលជាប់ទាក់ទង