ឯកឧត្តម នេត សាវឿន ដាក់ចេញទិសដៅការងារអាទិភាពចំនួន៣ចំណុចដើម្បីឲ្យរដ្ឋបាលខេត្តកំពង់ចាមយកធ្វើជាប្រទីបបំភ្លឺផ្លូវក្នុងការអនុវត្តបន្ដ

ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធិបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ដឆ្នាំ២០២៤ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន៣ចំណុច ដើម្បីឲ្យរដ្ឋបាលខេត្តយកធ្វើជាប្រទីបបំភ្លឺផ្លូវក្នុងការអនុវត្តបន្ដ បន្ថែមពីអ្វីដែលជាទិសដៅរបស់ខេត្តដែលបានដាក់ចេញ។

ក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា ផ្ដើមពីចំណុចដំបូងដែលធំជាងគេ គឺពង្រឹងស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម បង្កើនសេចក្ដីសុខដុមរមនាជូនដល់ប្រជាពលរដ្ឋ ក្រោមម្លប់ដ៏ត្រជាក់នៃសន្ដិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ និងកើតចេញពីឆន្ទៈប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្ររីបានសង្កត់ធ្ងន់ថា ក្រុមជ្រុលនិយមដែលមានឧបាយកលផ្ដួលរំលំរាជរដ្ឋាភិបាល មិនទាន់បោះបង់គំនិតរបស់ពួកគេឡើយ ហើយជាពិសេសក្បាលម៉ាស៉ីននៅក្រៅប្រទេស ដូច្នេះត្រូវតែបន្ដបង្កើននូវការប្រុងប្រយ័ត្ន។ ខណៈបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ ក៏ត្រូវពង្រឹងយកចិត្តទុកដាក់ដូចគ្នាផងដែរ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋបំពេញការងារប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ។ឯកឧត្ដមក៏បានណែនាំឲ្យពង្រឹងសមត្ថភាពអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តាមរយៈការបង្កើនសមត្ថភាព បង្កើនការទទួលខុសត្រូវដើម្បីធានាតបត ជាមួយក្រុមប្រព្រឹត្តបទល្មើសដើម្បីភាពកក់ក្ដៅរបស់ពលរដ្ឋ។ បន្ថែមពីនេះ ត្រូវចលនាឲ្យប្រជាពលរដ្ឋចូលរួម និងជំរុញការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យម្ចាស់ការចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងការការពារ និងរាយការណ៍ពេលមានករណីសង្ស័យ ឬកើតបទល្មើស។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ក៏បានជំរុញឲ្យរដ្ឋបាលខេត្តត្រូវលើកផែនការឲ្យបានច្បាស់លាស់ ដើម្បីកសាង និងអភិវឌ្ឍន៍មូលដ្ឋានខេត្ត ក្រុង ស្រុក ហើយត្រូវដឹងអំពីភូមិសាស្ដ្រ សមត្ថភាព សក្ដានុពល ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកអភិវឌ្ឍន៍នៅខេត្តកំពង់ចាម ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងសំដៅទាក់ទាញការងារធ្វើជូនប្រជាពលរដ្ឋ ព្រមទាំងបង្កើនប្រាក់ចំណូលក្នុងគ្រួសារនីមួយៗផងដែរ។

ទន្ទឹមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹងសមត្ថភាព និងការទទួលខុសត្រូវ ក្នុងការបម្រើសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ តម្លាភាព និងរហ័សទាន់ចិត្ត។ ចំពោះចំណុចខ្វះខាតដោយអន្លើរកន្លងមក ពិសេសឥរិយាបថរបស់មន្ដ្រី ក៏ត្រូវកែប្រែឡើងវិញ ព្រោះរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានបុព្វហេតុបម្រើប្រជាពលរដ្ឋ បម្រើសង្គមជាតិ ដូច្នេះមន្ដ្រីរាជការគ្រប់ថ្នាក់ត្រូវពង្រឹងសមត្ថភាព។

ក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្តកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត នឹងខិតខំប្រឹងប្រែងបំពេញរាល់កិច្ចការងារទាំងអស់ ប្រកបដោយភាពជោគជ័យកាន់តែខ្លាំងបន្ថែមទៀត នៅឆ្នាំ២០២៤៕

អត្ថបទដែលជាប់ទាក់ទង