នាវា Westerdam ចូលចតនៅខេត្តព្រះសីហនុនៅថ្ងៃនេះ


នាវាទេសចរណ៍Westerdam នឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុម្ដងទៀត ជាមួយភ្ញៀវទេសចរជាង១,៥០០នាក់ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោយចូលចតកាលពី៣ឆ្នាំមុនអំឡុងកូវីដ-១៩ ខណៈរដ្ឋបាលខេត្តព្រះសីហនុនឹងរៀបចំពិធីទទួលទេសចរ និងការរំលឹកខួប៣ឆ្នាំនៃការសុំចតរបស់នាវា Westerdam នេះផងដែរ។

ទាំងអាជ្ញាធរខេត្តព្រះសីហនុ និងមន្រ្តីទេសចរណ៍ បានចាត់ទុកការវិលត្រឡប់របស់នាវាទេសចរណ៍ Westerdam ម្ដងទៀត ជាឱកាសសម្រាប់បង្ហាញពិភពលោកពីសក្ដានុពលរបស់កម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងទាក់ទាញអ្នកវិនិយោគមកខេត្តទៀតផង។
នាវាទេសចរណ៍អាម៉េរិក Westerdam នឹងត្រូវចុះចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេលពេញមួយថ្ងៃ នៅថ្ងៃទី២៨ ខែធ្នូ ដោយផ្ទុកភ្ញៀវទេសចរជាង១,៥០០នាក់។ ក្នុងចំណោមទេសចរទាំងនេះមានជាង៩០០នាក់នឹងត្រឡប់ទៅតាមនាវាវិញ រីឯជាង៦០០នាក់ទៀតនឹងនៅទស្សនាកម្ពុជាបន្ត។

គួររំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យនាវាទេសចរណ៍អាម៉េរិក Westerdam ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ក្រោយពីប្រទេសនិងកោះចំនួន៥បានបដិសេធលើការស្នើសុំចតរបស់ក្រុមហ៊ុន Holland America Line ដោយសារបារម្ភពីជំងឺកូវីដ១៩។

មូលហេតុដែលរដ្ឋាភិបាលសម្រេចឱ្យនាវាអាម៉េរិកចូលចតនេះ ក្រោមហេតុផលថាជួយសង្គ្រោះមនុស្ស និងបង្ហាញពីសកម្មភាពមនុស្សធម៌ ជាពិសេសលុបបំបាត់ភាពភ័យខ្លាចរបស់ពលរដ្ឋលើបញ្ហាជំងឺរលាកសួតដែលបង្កឡើងដោយជំងឺកូវីដ-១៩។

មនុស្សនៅលើនាវានោះមានជាង២២០០នាក់ ក្នុងនោះអ្នកដំណើរ១,៤៥៥នាក់ មានជាង៤០សញ្ជាតិ និងបុគ្គលិកបម្រើការងារតាមផ្នែកលើនាវា៨០២នាក់។ អ្នកទេសចរដែលច្រើនជាងគេមានអាម៉េរិកមាន៦៥១នាក់ (មានពលរដ្ឋខ្មែរសញ្ជាតិអាមេរិក) កាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ហូឡង់៩១នាក់ អូស្ត្រាលី៧៩នាក់ អាល្លឺម៉ង់៥៧នាក់៕

អត្ថបទដែលជាប់ទាក់ទង