សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ។

ការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីអបអរសាទរខួបទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយឈ្នះ ឈ្នះ និងខួបទី៥ឆ្នាំ នៃវិមានឈ្នះ ឈ្នះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការកសាងវិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់។ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។

ជាមួយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍នៅកម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។សម្តេធិបតីបន្តថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្តេចតេជោទេនោះ។

ក្នុងពិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមកម្លាំងមួយកងពល អាចដុតបញ្ឆេះភ្លើងសង្គ្រាម។ ប៉ុន្តែការពន្លត់សង្គ្រាមត្រូវមានការចូលរួមពីគ្រប់ភាគី។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ ជានិមិត្តរូបខ្មែរទាំងអស់ និងជានិមិត្តរូបនៃសុខសន្តិភាព។ ដូច្នេះវិមាននេះសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា។

គួរជម្រាបជូនថា ប្រវត្តិសាស្រ្តកម្ពុជាបានញាំញីដោយសង្គ្រាមអស់ជាង៥00ឆ្នាំ ហើយត្រូវបានរកឃើញសន្តិភាពពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ក្រោយពីមានការដឹកនាំរបស់នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេស៍ឯកអនុវត្តនយោបាយឈ្នះ​ ឈ្នះ នាំមកនូវសន្តិភាពជាតិ និងការឯកភាពជាតិពេញលេញ។

ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍គ្រឹះ៣ ឬហៅថាការធានា ៣យ៉ាង៖

ទី១៖ការធានារូបរាងកាយ និងអាយុជីវិត គឺជាការធានានូវសុវត្ថិភាព ខាងផ្នែកសន្តិសុខទាំងបុគ្គលផ្ទាល់ និងក្រុមគ្រួសារដែលស្ម័គ្រចិត្តបញ្ចប់សង្គ្រាម ហើយវិលត្រឡប់ មករួមរស់ជាសរសៃឈាម និងចរន្តនៃសង្គមជាតិវិញ។

ទី២៖ ការធានាអាជីព និងមុខរបរ គឺការធានានូវសុវត្ថិភាពខាងផ្នែកអាជីព ដោយផ្តល់ជូននូវលទ្ធភាពគ្រប់គ្រាន់ក្នុងបន្តមុខរបរចិញ្ចឹមជីវិតរបស់ខ្លួន ថែមទាំងឋានន្តរស័ក្តិ របស់ខ្លួនផងដែរ។

ទី៣៖ ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងអចលទ្រព្យ និងចលនទ្រព្យ គឺការធានាខាងផ្នែកកម្មសិទ្ធិ ដែលពួកគាត់មាន និងបានកាន់កាប់ក្នុងពេលកន្លងមកដោយមិនមានការដកហូត រុះរើ ឬរឹបអូស។

និយាយជារួម នយោបាយ ឈ្នះ ឈ្នះ មានន័យថា ឈ្នះទាំងអស់គ្នាមិនមានអ្នកណាចាញ់ឡើយ គោលការណ៍នេះ បើស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែធាតុពិត គឺជាយុទ្ធសាស្ត្របង្រួបបង្រួមជាតិ ដ៏មានប្រសិទ្ធភាពរបស់មគ្គទេសក៏ឯក សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង