ការផ្សាយព័ត៌មានរបស់ទំព័រហ្វេសប៊ុកឈ្មោះ «ហង្ស សំណាង Hang Samnang» មិនពិតនោះទេ គឹជាការបរិហារកេរ្តិ៍ និងប្រមាថដល់សមត្ថកិច្ច

បន្ទាប់ពីបានឃើញទំព័រហ្វេសប៊ុកឈ្មោះ «ហង្ស សំណាង Hang Samnang» កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុកមានរយៈពេល៧:៤៣វិនាទី។នៅត្រង់ចំណុចនាទី ២:២៤នាទី បាននិយាយថា កាស៊ីណូមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេងទេ តែមានម៉ូតូជាផ្លាកលេខកម្ពុជាចូលក្នុងបរិវេណកាស៊ីណូទៅវិញ។

ត្រង់ចំណុចនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបថា ចំពោះម៉ូតូដែលមានផ្លាកលេខកម្ពុជានោះ គឺជាប្រជាពលរដ្ឋខ្មែរ ជាបុគ្គលិកបម្រើការងារនៅទីនោះតែប៉ុណ្ណោះ។ ហើយនៅត្រង់ចំណុចនាទី៣:៣៥នាទី បាននិយាយថា មានសមត្ថកិច្ចទៅរត់ម៉ូតូឌុបនៅចំណុចបរិវេណកាស៊ីណូខាងលើនោះ ក៏ជាការលើកឡើងមិនពិតនោះដែរ។

ដោយឡែកនៅត្រង់ចំណុចនាទី៤:២៥វិនាទី បាននិយាយថា ចំពោះអាជ្ញាធរវៀតណាម មកដាក់កៅអីហូតកាតជាមួយសមត្ថកិច្ចកម្ពុជាជាមួយគ្នា ក៏មិនពិតនោះទេ គឹជាការបរិហារកេរ្តិ៍ និងប្រមាថដល់សមត្ថកិច្ចដែលកំពុងធ្វើការរាល់ថ្ងៃពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ឆែកប៉ាស្ព័រប្រជាពលរដ្ឋវៀតណាម ដែលចូលធ្វើការនៅស្រុកខ្មែរ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងតំបន់ខាងលើ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ចំពោះការបរិយាយដោយគ្មានអំណះអំណាងដោយយកតែផ្នែកភាគីម្ខាង ផ្ញើតាម Voice សំឡេង ដែលតួនាទីជាអ្នកសារព័ត៌មាន ហើយយកតែប្រភពតែម្ខាង គឺមិនពេញលក្ខណៈជាអ្នកសារព័ត៌មាន និងមិនបានសួរព័ត៌មានលម្អិតពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនោះទេ។

ទាក់ទិនករណីខាងលើនេះ ស្នងការដ្ឋាននគរបាលកណ្តាល សូមបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ទំព័រហ្វេសប៊ុកខាងលើ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដោយឡែកចំពោះព័ត៌មានខាងលើ គឺជាព័ត៌មានមិនពិត ដែលមានចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ដោយពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ស្វែងរកម្ចាស់ទំព័រហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត។

ទន្ទឹមនោះ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមស្នើឲ្យអគ្គនាយកដ្ឋានព័ត៌មាន និសោតទស្សន៍នៃក្រសួងព័ត៌មាន មេត្តាចាត់វិធានការ និងជួយស្វែងរកមុខទំព័រហ្វេសប៊ុកឈ្មោះ ហង្ស សំណាង Hang Samnang ដើម្បីផ្តន្ទាទោស ឬដកអាជ្ញាបណ្ណចេញតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង