ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ នៅក្នុងយុទ្ធសាស្ត្របញ្ចកោនដំណាក់កាលទី១ កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត

«នៅក្នុងយុទ្ធសាស្ត្របញ្ចកោនដំណាក់កាលទី១ កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលកម្ពុជាទាមទាឱ្យមានការបង្កើនកិច្ចខិតខំអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកមច្រើន ស្មើមុខស្មើមាត់ប្រទេសនានានៅលើពិភពលោក។ និយាយដោយឡែកខេត្តកំពត ឯកឧត្តមបានស្នើដល់មន្ត្រីរាជការ កងកម្លាំង ថ្នាក់ដឹកនាំ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចូលរួមប្រឹងប្រែងទាំងអស់គ្នា ក្នុងស្មារតីរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងការរិះគិតគ្រប់មធ្យោបាយធ្វើយ៉ាងណារក្សាបាននូវគុណតម្លៃ និងប្រយោជន៍រួមរបស់ខេត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង»

ខាងលើនេះ ជាការថ្លៃងបញ្ជាក់របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតក្នុងការអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

ក្នុងពិធីខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា «កម្ពុជាធ្លាប់ជាប្រទេសមានប្រវត្តិបែកបាក់ ឈ្លោះប្រកែកផ្ទៃក្នុងរាប់រយឆ្នាំមកហើយ ប៉ុន្តែចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចុះនយោបាយ ឈ្នះ ឈ្នះ ដើម្បីបង្រួបបង្រួមផ្សះផ្សា និងស្វែងរកបាននូវសុខសន្តិភាពពេលបរិបូរណ៍ ប្រទេសចាប់ផ្តើមមានការអភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ហើយរបបនយោបាយមានភាពល្អប្រសើរ ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីត្រូវបានធ្វើឡើយដោយសន្តិវិធី ដែលនេះគឺជាជោគជ័យមួយថ្មីនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា»

បើតាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា កន្លងមកដោយមានការចូលរួមពី មន្ទីរ-អង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដែលធានាបាននូវសុវត្ថិភាព សន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរ ការងារអភិវឌ្ឍន៍ផ្សេងៗ មានដំណើរការល្អគ្មានការរាំងស្ទះ។ យ៉ាងណាក៏ដោយ ខេត្តនៅតែមានចំណុចប្រឈមមួយចំនួនត្រូវដោះស្រាយ និងខិតខំធ្វើរួមគ្នាបន្តទៅទៀត ដូចជាការងារពង្រឹងការថែរក្សាបរិស្ថានអនាម័យ ពង្រឹងសេវាកម្មទេសចរណ៍ផ្សេងៗ និងការងារចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋជាដើម៕

អត្ថបទដែលជាប់ទាក់ទង