ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងចែកអំណោយ ដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាប៉ាក់ណាម

អ្នកតំណាងរាស្រ្តខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវសាស្ត្រាចារ្យឱសថបណ្ឌិត ទេព រង្សុី ព្រមទាំងក្រុមគ្រួសារបានអញ្ជើញជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងចែកអំណោយ រួមមាន សៀវភៅ បុិចសម្លៀកបំពាក់ និងសម្ភារៈសិក្សាសិស្ស ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាប៉ាក់ណាម ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

បើតាមរបាយការណ៍របស់អ្នកស្រី ជា សុផុន នាយិកាសាលាបឋមសិក្សា ប៉ាក់ណាមថា នៅក្នុងសាលា មានអគារចំនួន០២ខ្នង ស្មើនឹង ៨បន្ទប់ មានលោកគ្រូ អ្នកគ្រូ ៤នាក់ ក្នុងនោះ គ្រូស្រី ៣នាក់ និងមានសិស្សានុសិស្សមានចំនួន១៣០នាក់។

បើតាមលោក ខឹម ប៉ោទៀង មេឃុំពង្រថា ក្នុងនាម លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗ កុមារា កុមារី នៅ ក្នុងសាលាបឋមសិក្សាប៉ាក់ណាម ទាំងអស់សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជននានា ដែលតែងតែជួយដល់ សាលាបឋមសិក្សាប៉ាក់ណាម ក៏ដូចជានៅក្នុងឃុំពង្រ ដែលជាបង្ហាញនូវការយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្ស គ្រប់កំរិតសិក្សា ដើម្បីឲ្យប្រឹងប្រែងសិក្សារៀនសូត្របានពូកែ។

ក្នុងឳកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយដោយបានមកជួប និងនាំយកនូវអំណោយមកចែកជូនដល់ ចៅៗ ជាសិស្សានិសិស្ស ក្នុងសាលាបឋមសិក្សាប៉ាក់ណាម ហើយ និងបានជម្រុញលើកទឹកចិត្តឲ្យសិស្សានិសិស្សទាំងអស់បន្តប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់គ្រូពន្យល់ណែនាំ ចេះស្រលាញ់រាប់អានគ្នា សាមគ្គីសហការរៀនជាក្រុមជាមួយគ្នា ព្រោះយើងមិនអាចរៀនតែម្នាក់ឯងនោះទេ ព្រោះការវិវឌ្ឍបច្ចេកវិទ្យាលឿនរហ័ស ដែលទាមទារឲ្យការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមក។

ឯកឧត្តមបានបញ្ជាក់ថា នៅពេលដែលចៅៗរៀនបានពូកែមានការងារល្អធ្វើ អាចរកលុយបានច្រើន ហើយមានអនាគតល្អ ពេលនោះ នឹងមានលទ្ធភាពមកជួយគ្រួសារ និងភូមិ ស្រុករបស់យើងឲ្យមានការអភិវឌ្ឍរីកចំរើនបន្តទៅមុខទៀត។

ជាមួយនោះ ឯកឧត្តមបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យឲ្យបានមុនញាំអាហារត្រូវលាងសំអាតដៃឲ្យបានស្អាត មុនចូលគេងត្រូវធ្មេញឲ្យបានល្អ ដើម្បីមានសុខភាពល្អរឹងមាំ ជៀសផុតពីជំងឺឆ្លងនានា។

ទន្ទឹមនោះ ឯកឧត្តម ខៀវ កាញារីទ្ធ លោកជំទាវ ទេព រង្សុី ព្រមទាំងក្រុមទាំងក្រុមគ្រួសារ បានចែកជូនក្មួយៗសិស្សានុសិស្ស និងអ្នកគ្រូ នៅសាលាបឋមសិក្សាប៉ាក់ណាម ក្នុងឱកាសនេះរួមមាន៖ ប៊ិច សៀវភៅ សម្លៀកបំពាក់ នំ និងថវិកាម្នាក់១មុឺនរៀល សរុបចំនួន ១៣០នាក់ ពីថ្នាក់ទី១ ដល់ទី៦។ ដោយលោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ១០ម៉ឺនរៀលសម្រាប់អ្នកគ្រូ បន្ថែមហូលម្នាក់១ក្បិន, ជូនសាលាបឋិមសិក្សាប៉ាក់ណាម១លានរៀល ការិយាល័យអប់រំស្រុកកោះសូទិន ២០មុឺនរៀល នគរបាល២០មុឺនរៀល អាវុធហត្ថ២០មុឺនរៀល យុវជនស្មគ្រ័ចត្តខេត្តកំពង់ចាម៥នាក់ ក្នុងម្នាក់ៗ១០មុឺនរៀល។ជូនថវិកាលោកអភិបាលស្រុកកោះសូទិន២០មុឺនរៀល មេភូមិ១០មុឺនរៀល ។

មិនតែប៉ុណ្ណោះឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បាននាំយកនូវសៀវភៅជាច្រើនមុខជូនដល់បណ្ណាល័យសាលាបឋមសិក្សាប៉ាក់ណាម ទុកសម្រាប់ឲ្យក្មួយៗសិស្សានុសិស្សចូលអានឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង៕

អត្ថបទដែលជាប់ទាក់ទង