សិស្សមួយក្រុមដែលវាយគ្នានៅសាលា ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យានិងឲ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត
«បន្ទាប់ពីបានឃើញការផ្សព្វផ្សាយមានករណីទំនាស់រវាងសិស្សនៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានីវត្តភ្នំ នៅលើបណ្ដាញសង្គម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដោះស្រាយ»។នេះជាបញ្ជាក់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុភ្លាមៗ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៦៖៣០នាទី លោកស្រីនាយិការរងសាលា បានហៅសិស្សទាំងពីរភាគី មកសាកសួរ និងធ្វើការអប់រំ និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពទាំងនេះ ហើយឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។
ក្រោយមកក៏មានការផុសវីដេអូទំនាស់របស់សិស្សស្រី នៅលើបណ្តាញសង្គម ដោយទំនាស់នោះមកពីបញ្ហានិយាយឌឺដងគ្នាតាមហ្វេសប៊ុក។ បន្ទាប់មកទើបសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងកោះហៅភាគីពាក់ព័ន្ធទាំងអស់ មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៩៖៣០នាទី។
ក្នុងនោះដោយមានការសំណូមពរភាគីទាំងពីរ គឺអាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាលជនបង្ក សម្រេចមិនធ្វើការប្តឹងផ្តល់ ដោយសារករណីអាណាធិបតេយ្យនៅក្នុងសាលារបស់សិស្សស្រីមិនបង្ករបួសា្នមដល់រាងកាយ ហើយក្មេងបង្កនៅជាអនីតិជន។
សមត្ថកិច្ចបានសុំគោលការណ៍ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញ្ញាតឲ្យធ្វើការអប់រំត្រឡប់ទៅផ្ទះវិញ ដោយមានការធានាពីអាណាព្យាបាលយកទៅអប់រំបន្ត៕