សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រើអភិក្រមទី៥ «វះកាត់» ដោយចុះហត្ថលេខាបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១២ ខែមករានេះថា អភិក្រមទាំង៥៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង វះកាត់ ។ ថ្ងៃនេះខ្ញុំមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ «ការវះកាត់» តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ការសម្រេចចិត្តនេះគឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថា ខ្ញុំសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់ (អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង