មានប្រើនៅកម្ពុជាហើយកាំភ្លើងរាងដូច IPHONE ដែលបុរសម្នាក់ដកគំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ ត្រូវបានប៉ូលិសឃាត់ជាប់

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណី គំរាមកំហែងដកកាំភ្លើងរាងដូច IPHONE គំរាមអ្នកជិតខាង ព្រោះខឹងរឿងចាក់ធុងបាស់ខ្លាំងៗ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួន។

តាមប្រភពថា មន្ត្រីនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ សា ម្លិះ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់។

សមត្ថកិច្ចឃាត់ខ្លួនបុរសខាងលើនេះ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ បេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបានប្រេីប្រាស់អាវុធនេះគម្រាមដល់ជីវិតរបស់គាត់។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលើនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហើយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា គេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់ ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន ១គ្រាប់កាំភ្លើង ចំនួន ៦គ្រាប់ មួកសុវត្ថិភាព ចំនួន១ ទូរស័ព្ទម៉ាកអូប៉ូ ពណ៍មាសចំនួន ១គ្រឿង ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ចំនួន១ និងម៉ូតូម៉ាក់ Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ ចំនួន ១គ្រឿង។

គួរឱ្យដឹងដែរថា អាវុធប្រភេទ IC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរស័ព្ទដៃសេរីទំនើប ហើ យនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេលុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាជាអាវុធ អាចបាញ់ប្រហារបាន។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាង រៀបចំបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង