អ្នកប្រកបរបរបើកទូកទេសចរណ៍នៅតាមដងទន្លេប្តឹង លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញទៅ ACU

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងមួយស្តីពី ករណីពាក្យបណ្តឹងរបស់អ្នកប្រកបរបរបើកទូកទេសចរណ៍នៅតាមដងទន្លេប្តឹង  លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញថា មានការគាប់សង្កត់យកប្រាក់ពីអ្នកប្រកបរបរបើកទូកទេសចរណ៍នៅមូលដ្ឋានខណ្ឌដូនពេញ និងផ្សាររាត្រី ក្នុងមួយទូកតម្លៃ ២លានរៀលជារៀងរាល់ខែ។នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបទទួលបាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ។

ជុំវិញករណីនេះ អង្គភាព ACU បានលើកឡើងថា តាមរបាយការណ៍ពិនិត្យស្រាវជ្រាវរបស់លោក ជា ខេមា អភិបាលខណ្ឌដូនពេញ គឺរដ្ឋបាលខណ្ឌបានហៅលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ លោក ឆាយ បូរ៉ាស៊ី និងលោក កែម ហេង អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌដូនពេញ មកសួរនាំលើករណីលើកឡើងនេះ។ ក្រោយសួរនាំ បានឃើញថា ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌបានចុះអនុវត្តតាមស្មារតីអង្គប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ និងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដូនពេញស្តីពីការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាននៅតាមច្រាំងទន្លេ និងតាមវិថីព្រះស៊ីសុវត្តិ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។

អង្គភាព ACU បន្តថា រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានចុះអនុវត្តការងារ ដោយតម្រូវឱ្យទូកកាណូតទេសចរណ៍ទាំងអស់ចល័តចេញពីច្រាំងទន្លេទៅរកទីតាំងផ្សេង ដើម្បីឱ្យក្រុមការងារមានលទ្ធភាពក្នុងការចុះរៀបបាញ់លាងសម្អាតអនាម័យបរិស្ថានតាមច្រាំងទន្លេ និងក្នុងទន្លេ ដើម្បីត្រៀមអបអរសាទរ.កម្មវិធីផ្សេងៗដែលរៀបចំឡើងតាមបណ្ដោយសួនមាត់ទន្លេ។ ជាពិសេស ដើម្បីជាការស្វាគមន៍អបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលបានខកខានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ប៉ុន្តែ ក្នុងដំណាក់កាលនៃការរៀបចំនេះ មានទូក-កាណូតទេសចរណ៍ភាគច្រើនបានចូលរួមសហការ ប៉ុន្តែក៏មានទូក-កាណូតទេសចរណ៍ប្រមាណចំនួន៥ ទៅ៦គ្រឿង មិនព្រមចូលរួមសហការ និងបន្តចេញចូលច្រាំងទន្លេ ដែលអាជ្ញាធរបានសំណូមពរកុំឱ្យមានការចល័តចេញចូល ហើយបានចល័តដើរហៅភ្ញៀវជិះទូកទេសចរណ៍ បណ្ដាលឱ្យបាត់បង់នូវសណ្តាប់ធ្នាប់សាធារណៈ និងបង្កឱ្យមានភាពអនាធិបត្តេយ្យ។

ហេតុនេះ ជាការឆ្លើយតប ក្រុមការងារបានចុះណែនាំជាច្រើនលើកច្រើនសារ រហូតឈានដល់អាជ្ញាធរព្រមាន និងដកហូតយកជណ្តើរឆ្លងកាត់ចុះទូកជាបណ្តោះអាសន្ន តែបានប្រគល់ឱ្យវិញនៅពេលដែលមានការចូលរួមសហការ ដោយពុំបានកៀបសង្កត់យកប្រាក់ជាប្រចាំខែនោះទេ៕

អត្ថបទដែលជាប់ទាក់ទង