លោក ប្រាងហង្ស សេរីរិទ្ធ៖ ធនធានមនុស្សដែលល្អប្រសើរ គឺមិនមែនមានតែចំណេះដឹង និងជំនាញតែមួយផ្នែកទេ គឺត្រូវមានទាំងសីលធម៌ សុជីវធម៌ និងមានវិន័យល្អ

នាយកស្តីទី នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន លោក ប្រាងហង្ស សេរីរិទ្ធ កាលពីព្រឹកថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋានជូនដល់និស្សិត ជំនាន់ទី១ ចែកលិខិតសរសើរជូនដល់និស្សិតឆ្នើមចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងជំនាន់ទី១ និងជំនាន់ទី២ ព្រមទាំងចែកលិខិតសរសើរជូនដល់និស្សិតជាប្រធានថ្នាក់ទាំង ៣ជំនាន់។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិស្សិតនៃវិទ្យាស្ថានជាច្រើនរូបផ្សេងទៀត។

លោកនាយកស្តីទី តាងនាមឱ្យគណៈគ្រប់គ្រងវិទ្យាស្ថានទាំងមូល បានសម្តែងការអបអរសាទរចំពោះប្អូនៗនិស្សិត និងនិស្សិតជាប្រធានថ្នាក់ ដែលបានខិតខំរៀនសូត្រ និងចូលរួមចំណែកជួយដល់វិទ្យាស្ថានតាំងពីដើមមក។ លោកនាយកស្តីទី បានសង្កត់ធ្ងន់ថា ប្អូនៗនិស្សិតទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្តទៀត ព្រមទាំងពង្រឹងការគោរពវិន័យរបស់វិទ្យាស្ថានឱ្យបានខ្ជាប់ខ្ជួន ព្រោះថា ធនធានមនុស្សដែលល្អប្រសើរ គឺមិនមែនមានតែចំណេះដឹង និងជំនាញតែមួយផ្នែកទេ គឺត្រូវមានទាំងសីលធម៌ សុជីវធម៌ និងមានវិន័យល្អផងដែរ។

ជាមួយគ្នានេះ លោកនាយកស្តីទី ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់របស់វិទ្យាស្ថាន ដែលបានខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញកិច្ចការងារ ប្រកបដោយឆន្ទៈ និងភាពទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកកសាងធនធានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង