ឈ្លោះប្រកែកគ្នា មិត្តបាញ់មិត្តអស់៣គ្រាប់ ចុងក្រោយជាប់ខ្នោះប៉ូលិសក្រសួងមហាផ្ទៃ


ជនសង្ស័យម្នាក់ជាជនដៃដល់បានប្រេីអាវុធខ្លី (មិនចាំម៉ាក)​ បាញ់ទៅលើជនរងគ្រោះជាមិត្ភក្ដិចំនួន ០៣គ្រាប់ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន​នៅវេលាម៉ោង៣៖០០នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យឈ្មោះ​ WEI GUANGSHAN​ ភេទប្រុស​ អាយុ​ ៣៩ឆ្នាំ​ ជនជាតិ​ចិន​។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមនាយឧត្តមសេនីយ៍ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ យ៉ាងយកចិត្តទុកដាក់ ។ ក្រោយពីទទួលបានបទបញ្ជាដឺម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ ស​ ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន​ អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ លោកវរសេនីយ៍ឯក​ ហែម​ បូណា អនុប្រធាននាយកដ្ឋាននគបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានដឹកនាំសហការជា​មួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់កំណត់បានទីតាំងលាក់របស់ជនសង្ស័យ។

ក្រោយ​ពីសាកសួរជនសង្ស័យបានសារភាពថា​ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាសអាវុធខ្លី (មិនចាំម៉ាក)​ បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់ពិតប្រាកដមែន ។​ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា) ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនិតិវិធីបន្ត និងកំពុងបន្តស្វែងរកវត្ថុតាំង(អាវុធខ្លី)៕

អត្ថបទដែលជាប់ទាក់ទង