លោកស្នងការ ឈឿន ប៊ុនឆន ប្រកាសលទ្ធផលការប្រលងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១៨ ខែ មករា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលទ្ធផលប្រលងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រ សម្រាប់មន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ព្រមទាំងបានសំណេះ សំណាល ជាមួយមន្ត្រីនគរបាលដែលជាបេក្ខជន-បេក្ខនារី ទាំងអស់ដែលបានខិតខំបញ្ចេញសមត្ថភាពក្នុងការប្រលងប្រជែងកន្លងមក ដោយជយលាភីលេខ ១ ទទួលបានថវិកាលើកទឹកចិត្តចំនួន ២.០០០.០០០ រៀល, លេខ ២ ទទួលបាន ១.០០០.០០០ រៀល និងលេខ ៣ ទទួលបាន ៥០០.០០០ រៀល ដោយឡែកសម្រាប់បេក្ខជន-បេក្ខនារី ដែលមិនទទួលបានជយលាភី ទទួលបានថវិកាលើកទឹកចិត្តក្នុងម្នាក់ៗចំនួន ១០០.០០០ រៀល សរុបថវិកា ៦.៩០០.០០០ រៀល ។
គួររំលឹកថា ការប្រឡងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលមានបេក្ខជន-បេក្ខនារី មកពីការិយាល័យជំនាញ និងបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមសរុប ៣៨ នាក់ ក្នុងនោះនគរបាលនារី ៧ នាក់ ។
ការប្រឡងសាកល្បងសមត្ថភាពប្រើប្រាស់កុំព្យូទ័រសម្រាប់មន្ត្រីនគរបាលទូទាំងខេត្តព្រៃវែងនេះ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីលើកទឹកចិត្តដល់មន្ត្រីនគរបាលទូទាំងខេត្ត ដែលបានខិតខំបម្រើការងារជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខេត្តព្រៃវែង ក៏ដូចជាការជំរុញលើកទឹកដល់មន្ត្រីនគរបាលខេត្តព្រៃវែង បន្តខិតខំដុសខាត់សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការអនុវត្តការងារតាមរយៈបច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយប្រើប្រាស់កុំព្យូទ័រ ដើម្បីពង្រឹង និងពន្លឿនប្រសិទ្ធភាពការងារបានកាន់តែល្អប្រសើរ ៕