លោកស្នងការ សិទ្ធិ ឡោះ ដាក់ចេញផែនការការងារដល់ ផែនជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងលើការងារជំនាញរបស់ខ្លួនឲ្យបានល្អ និងប្រកបដោយប្រសិទ្ធភាព
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកនាំកិច្ចប្រជុំវិសាមញ្ញពង្រឹងការងារជំនាញសន្តិសុខ និងជំនាញព្រហ្មទណ្ឌ ដល់កងកម្លាំងនគរបាលក្រោមឱវាទ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ផែនការងារសេនាធិការ ផែនការងារព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកនាយ នាយរង ការិយាល័យជំនាញ និងលោកអធិការ អធិការរង ក្រុង-ស្រុកទាំង៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវផែនការការងារដល់ ផែនជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងលើការងារជំនាញរបស់ខ្លួនឲ្យបានល្អ និងប្រកបដោយប្រសិទ្ធភាព៖
១-ត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ។
២-បន្តគ្រប់គ្រង មុខសញ្ញា ចាស់ ថ្មី និងមុខសញ្ញាសេសសល់ ។
៣-បង្រ្កាបរាល់មុខសញ្ញាតវ៉ាប្រឆាំងខុសច្បាប់គ្រប់ប្រភេទ។
៤-ទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងបទល្មើសបច្ចេកវិទ្យា ដែលមានលក្ខណ:ញុះញុងនាំឲ្យមានអសន្តិសុខសង្គម។
៥-ពង្រឹងការងារយាមល្បាត កម្លាំងវេនប្រចាំការ កម្លាំងត្រៀមអន្តរាគមន៍២៤ម៉ោង សម្រាប់ទ្រោលសភាពការណ៍ បង្រ្កាបបទល្មើស គ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕