Breaking News: លោក សុវណ្ណ រិទ្ធី ត្រូវបានព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវកោះហៅឲ្យទៅបំភ្លឺ
តាកែវ៖ ព្រះរាជ្ញាអមសាលាដំបូងខេត្តតាកែវ ឯកឧត្តម ឯក ឆេងហួត នាព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានកោះហៅ លោក សុវណ្ណ រិទ្ធី ម្ចាស់អង្គភាពសារព័ត៌មាន TVFB មកបំភ្លឺជុំវិញករណីមានគណនី Facebook ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) បានបង្ហោះកាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ មានខ្លឹមសារថា៖ សូមបងប្អូនចែករំលែកព័ត៌មាននេះផង «ម្ដុំផ្សារសម្រោងយោង ខេត្តតាកែវ» 14/03/2023 ដែលបណ្ដាលឱ្យមានការភ័នច្រឡំ និងប៉ះពាល់កិត្តិយសមុខមាត់ខេត្តតាកែវ ជាខ្លាំង។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទើបបានទទួលនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី និងតំណាងអង្គភាពសារព័ត៌មាន TVFB Online ។
នាឱកាសនោះ ឯកឧត្តម ឯក ឆេងហួត បានថ្លែងឱ្យដឹងថា ការកោះហៅតំណាង អង្គភាពសារព័ត៌មាន TVFB Online ជាពិសេស លោក សុវណ្ណ រិទ្ធី ផ្ទាល់ មកពេលនេះ គឺដើម្បីចង់ឱ្យបំភ្លឺជុំវិញករណីមានគណនីឈ្មោះខាងលើ ប្រើប្រាស់រូបភាព លោកចុះផ្សាយលើបណ្ដាញសង្គម ដែលខ្លឹមសារខាងលើនេះ បណ្ដាលឱ្យមានសាធារណៈជាច្រើន មានការភ័នច្រឡំ ប៉ះពាល់កេរ្ដិ៍ឈ្មោះ ប៉ះពាល់កិត្តិយស ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តយ៉ាងខ្លាំង ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកទាំងអស់ ដែលតែងតែសកម្មចុះត្រួតពិនិត្យ និងល្បាតនៅតាមភូមិសាស្រ្ត គោលដៅសំខាន់ៗនានា ដើម្បីធានាសុខសុវត្ថិភាព និងសេចក្ដីសុខសាន្តរបស់ពលរដ្ឋ ដោយអនុវត្តបានយ៉ាងខ្ជាប់ខ្ចួនអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
នៅចំពោះមុខឯកឧត្ដមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ, លោក សុវណ្ណ រិទ្ធី បានធ្វើការបកស្រាយថា ករណីគណនី Facebook មានឈ្មោះ និងរូបភាព រូបលោកនោះ មិនមែនជារបស់លោកទេ គឺមានជនឆ្លៀតឱកាសមួយចំនួន បានយកទៅបង្កើត ដាក់រូបថត របស់លោក ដើម្បីប្រើប្រាស់ក្នុងគោលបំណងទុច្ចរិត ដែលបណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្ដិ៍ឈ្មោះ អង្គភាពក៏ដូចជារូបលោកផ្ទាល់ដែរ រូបលោកសូមបដិសេធ និងសូមប្រកាសជូនដំណឹង ដល់ថ្នាក់ដឹកនាំជាទីគោរព ក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាប្រិយមិត្ត អ្នកលេងបណ្តាញសង្គម ឱ្យបានជ្រាបថាគណនី ឈ្មោះ Sovann Rithy – សុវណ្ណ រិទ្ធី (Sovann Rithy News) គឺមិនមែនជារបស់លោកទេ។
លោក សុវណ្ណ រិទ្ធី បានសុំទោសជាសាធារណៈ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស ឯកឧត្តម អភិបាលខេត្តតាកែវ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី របស់ខេត្ត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល ចំពោះជនខិលខូចមិនស្គាល់អត្តសញ្ញាណ បានយករូបភាព និងឈ្មោះ របស់លោកបង្កើត ហើយផ្សព្វផ្សាយព័ត៌មានមិនពិត បែបនេះ បណ្ដាលឱ្យមានការភ័នច្រឡំជាខ្លាំង ។
លោក សុវណ្ណ រិទ្ធី សំនូមពរដល់ សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ជួយស្វែង រកបុគ្គលដែលប្រើប្រាស់គណនីដូចឈ្មោះខ្ញុំបាទ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ឱ្យខានតែបាន៕ដោយ៖ ការីនិពន្ធ