អគ្គិភ័យបានលេបត្របាក់យកអាយុជីវិតស្ត្រីម្នាក់នៅខណ្ឌសែនសុខ

អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៥៖១០នាទីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ១៧ ផ្លូវបេតុង ៩២ ភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១១គ្រឿង ប្រើប្រាស់ទឹកអស់១១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុងប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះអស់មួយផ្នែកខាងក្រោយ រួមមានម៉ូតូ២គ្រឿង និងសម្ភារៈអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ប្រភពបានបញ្ជាក់ទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៥៖៥៥នាទីល្ងាចថ្ងៃទីខែឆ្នាំដដែរ។

ដោយក្នុងហេតុការណ៍នេះ បានបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់មានឈ្មោះ គ្រៀល អៀង អាយុ ៨៥ឆ្នាំ រីឯមូលហេតុគឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕

អត្ថបទដែលជាប់ទាក់ទង