ករណីឪពុកគំរាមសម្លាប់កូន ថតបង្ហោះតាមហ្វេសបុកនៅខេត្តកំពត ក្រុមប៉ូលិសចាប់ឃាត់ខ្លួនបានហើយ ខណៈក្មេងរងគ្រោះមានសុវត្ថិភាព
កាលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖៣០ នាទី មានករណីឪពុកបង្កើតគំរាមសម្លាប់កូនឈ្មោះ ឌិន សុរ៉ាសម្រិត ភេទប្រុស អាយុ០៥ ឆ្នាំ មានទីលំនៅភូមិព្រៃឈើទាល ឃុំ ប្រភ្នំ ស្រុក អង្គរជ័យ ខេត្តកំពត ។
ជនសង្ស័យត្រូវជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាននាំកូនជិះម៉ូតូទៅទិសខាងលិច ដោយមិនដឹងទៅកន្លែងណា។ មូលហេតុ ជនសង្ស័យឈ្លោះជាមួយប្រពន្ធ គំរាមថានឹងសម្លាប់ កូន។
លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លឹម ពិទូ ត្រង់ចំណុច ភូមិនរាយ៍ ឃុំនរាយ៍ ស្រុកឈូក ខេត្តកំពត់ ចំពោះក្មេងប្រុសឈ្មោះ ឌិន សុរ៉ាសម្រិតមិនមានរងរបួសអ្វីទេ។ ចំពោះ ឈ្មោះ លឹម ពិទូ បានប្រគល់ឲ្យទៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមនិតិវិធីបន្ត៕