នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ប្រធានសមាគមអតីយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានអនុប្រធាន អគ្គលេខាធិការសមាគមអតីតយុវជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសប្រធាន សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមានជ័យ គឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការនិងជាប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ដែលត្រូវផ្លាស់ប្តូរភារកិច្ចថ្មី មកជាអនុប្រធានទី១ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលប្រជុំ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានស្នើដល់គ្រប់អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និង សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត សូមបន្តខិតខំយកចិត្តទុកដាក់ ពង្រឹង ការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ដែលបានដាក់ចេញនាពេលកន្លងមកឲ្យបានកាន់​តែផុលផុស និងមានប្រសិទ្ធភាព ក្នុងគោលដៅការពារសិទ្ធិនិងផលប្រយោជន៍ របស់អតីតយុទ្ធជន ធ្វើយ៉ាងណាជួយ លើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើងថែមទៀ។

ជាមួយនោះ ឯកឧត្តមបានណែនាំនិងស្នើដល់អាជ្ញាធរដែនដី សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជនឱ្យបានល្អថែមទៀត ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ ចៅសង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឱ្យកាន់ការងារអតីតយុទ្ធជន និងក្តាប់ពីស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឱ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើង ទទួលបាននូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ។

ទន្ទឹមនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ជម្រុញឲ្យត្រូវបន្តបង្កើនសកម្មភាពក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនរបស់យើង ជាពិសេសនៅពេលមានតម្រូវការ និងបញ្ហាដែលត្រូវជួយដោះស្រាយ ព្រមទាំងត្រូវយកចិត្តទុកដាក់ចាត់ចែងឆ្លើយតបដោះស្រាយឲ្យបានទាន់ពេលវេលា ។ សូមឲ្យសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ព្រមទាំងអាជ្ញាធរដែនដី និងមន្ទីរ-អង្គភាព សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឧស្សាហ៍ចុះជួប និងក្ដាប់បញ្ហាតម្រូវការនានារបស់បងប្អូនគ្រួសារអតីតយុទ្ធជន ជាពិសេសកិច្ចការផ្ដល់សេវាសាធារណៈ សេវាតម្រូវការជូនបងប្អូន ឲ្យបានល្អប្រសើរ តួយ៉ាងនៅក្នុងការប្រើប្រាស់ប័ណ្ណ បសស ក្នុងការទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងការអនុវត្តគោលនយោបាយគាំពារសង្គមផ្សេងៗទៀត ដែលជាប្រយោជន៍សម្រាប់បងប្អូនគ្រួសារអតីតយុទ្ធជន ។

ជាមួយនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏សូមលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមគាំទ្រ និងសហការ ដើម្បីឲ្យសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត អនុវត្តការងារ របស់ខ្លួនឲ្យ បានកាន់តែល្អប្រសើរ ដើម្បីរួមចំណែកលើកកម្ពស់ តួនាទី របស់អតីតយុទ្ធជន ឲ្យស័ក្តិសម នឹងគុណបំណាច់របស់អតីតយុទ្ធជន ចំពោះបុព្វហេតុ ប្រទេសជាតិ ។

សូមបញ្ជាក់ផងដែរថា​ សមាគមអតីតយុទ្ធជននៅក្នុងខេត្តមានចំនួន ៥២៤៣ នាក់ក្នុងនោះ​ គ្រួសារជនពលី​ មានចំនួន៨៥៤គ្រួសារ,​គ្រួសារជនមរណៈ​ ចំនួន១៥២គ្រួសារ,​និវត្តជន​ ចំនួន ១,៩៨៤នាក់,​ ជនបាត់បង់​ ចំនួន៤២នាក់,​ ជនពិការ​ ចំនួន២,២១១នាក់​៕

អត្ថបទដែលជាប់ទាក់ទង