ឧបនាយករដ្ឋមន្ត្រី ស សុខា ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះបានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដើម្បីពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ប្រធានក្រុមប្រឹក្សានីតិកម្ម ប្រធានបណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម។
ជំនួបនៅក្នុងថ្ងៃនេះ គឺជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះ ឱ្យកាន់តែមានប្រសិទ្ធភាព៕