សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈ»
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្រមសីលធម៌វិជ្ជាជីវៈ របស់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺសំខាន់ណាស់ ដើម្បីបង្កើត និងរក្សាថែរក្សាតម្លៃនៃវិជ្ជាជីវៈ»។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ ក្នុងការអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ព័ត៌មាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តគូសបញ្ជាក់ថា អ្នកសារព័ត៌មាន គឺប្រតិបត្ដិករសំខាន់ណាស់ នៅក្នុងវិស័យព័ត៌មាន។ កិច្ចការងារទាំងអស់នេះ គឺត្រូវចាំបាច់ថែរក្សា ដោយអង្គភាពព័ត៌មាន និងស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានផ្ទាល់តែម្ដង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បើសិនជាស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអ្វីក៏អនុវត្ដ នោះហើយនឹងបាត់តម្លៃ ដោយមិនមានអ្នកណាទទួលស្គាល់ និងគ្មានអ្នកណាដឹងថា ព័ត៌មាននេះ យកជាការបានឬអត់ ដោយមិនដឹងថា ជាការពិត ឬក៏មិនមែនជាការពិត។
សម្តេចធិបតីបានថ្លែងថា សារព័ត៌មានកម្ពុជា បានរីកចម្រើនខ្លាំង បើតាមទិន្នន័យអ្នកចុះ និងអ្នកមិនចុះឈ្មោះ មានជិត១ម៉ឺននាក់ ដោយក្នុងនោះ ភាគច្រើនបានធ្វើការល្អ ហើយភាគច្រើន បានប្រពឹ្រត្ដតាមក្រមសីលធម៌ អនុវត្ដឲ្យទទួលខុសត្រូវ។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីថែរក្សាតម្លៃរួម របស់វិស័យព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវរួមគ្នា ដើម្បីទប់ស្កាត់អ្នកមួយចំនួនតូច កុំឲ្យប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន។
គួរបញ្ជាក់ថា តាមរយៈសន្និបាតរយៈ២ថ្ងៃនេះ ក្រសួងព័ត៌មាន បានកំណត់ទិសដៅការងារឆ្នាំ២០២៤ ដូចខាងក្រោម៖
*ទី១៖ ពង្រឹងតួនាទីក្រសួងព័ត៌មានធ្វើជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់ រាជរដ្ឋាភិបាល ឲ្យកាន់តែ សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាពលើវិស័យផ្សព្វផ្សាយ និងព័ត៌មាន។
*ទី២៖ បញ្ចប់សេចក្តីព្រាងអនុក្រិត្យស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងព័ត៌មាន ក្នុងបរិបទបរិវត្ត កម្មឌីជីថល។
*ទី៣៖ បញ្ចប់សេចក្តីព្រាងច្បាប់ស្តីសិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យ របស់ ក្រសួងយុត្តិធម៌។
*ទី៤៖ កសាងសមត្ថភាព និងគុណភាព មូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជជីវៈ និងជំនាញក្នុង អង្គ ភាពផ្សាយរបស់រដ្ឋ ដើម្បីដើរទាន់ទីផ្សារឌីជីថល ក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ។
*ទី៥៖ ពង្រីកលំហប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ ឲ្យគ្របដណ្ដប់បានទូទាំងប្រទេស និងឆ្ពោះទៅកាន់អន្តរជាតិ។
*ទី៦៖ ជំរុញដំណើរការផ្លាស់ប្ដូរប្រព័ន្ធផ្សាយទូរទស្សន៍ពីអាណាឡូក ទៅឌីជីថល ឲ្យចេញដំណើរបានទាន់ផែនការបិទបញ្ចប់នៅឆ្នាំ២០២៥៕