នាយករដ្ឋមន្ត្រីណែនាំឲ្យអភិបាលរាជធានី-ខេត្តពន្លត់នូវបញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទឹកដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានលើកទឹកចិត្តឱ្យអភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យទាន់ពេលវេលា។
នៅក្នុងរយៈពេល ៥ខែ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ សម្ដេចបានធ្វើកិច្ចការ និងដោះស្រាយបញ្ហាជាច្រើន តាមរយៈការទទួលបានព័ត៌មាន តាមបណ្ដាញផ្សព្វផ្សាយសង្គម។ កិច្ចការ និងបញ្ហាទាំងនោះ គឺសម្ដេចដោះស្រាយដោយខ្លួនឯងដោយផ្ទាល់ និងបញ្ជូនទៅកាន់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចាត់វិធានការដោះស្រាយ ជាបន្តបន្ទាប់។ កន្លងមកសម្តេចបានមើលឃើញថាមានក្រសួង ស្ថាប័នមួយចំនួន បានតាមដានព័ត៌មានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រហូតឈានទៅដោះស្រាយបញ្ហាទាំងនេះ បានទាន់ពេលវេលា និងចំពោះមុខ។ ទាំងនេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចបានលើកទឹកចិត្តថា៖ «ខ្ញុំសូមឱ្យអភិបាលរាជធានី-ខេត្ត ក៏ដូចជាប្រធានស្ថាប័នទាំងអស់ ត្រូវប្រើវិធានការហ្នឹងឱ្យបានច្រើន ជាពិសេសអ្វីដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ខ្លួន គឺត្រូវចាត់ចែងកិច្ចការឱ្យលឿន ព្រោះជូនកាលចាំតែលិខិតបទដ្ឋាន របាយការណ៍ពីក្រោមវាយូរ ហើយជួនកាលរបាយការណ៍ពីក្រោមតាមនីតិវិធីរដ្ឋបាល គឺវាផ្អមបាត់ហើយ ឬរឿងដែលតូច ក្លាយជារឿងធំបាត់ទៅហើយ»។
ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា ក្នុងនាមជាអភិបាលរាជធានី-ខេត្ត ប្រធានស្ថាប័ន គឺមានទម្ងន់ក្នុងការបញ្ជាពន្លត់នូវបញ្ហាដែលកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា។ កិច្ចការខ្លះអភិបាល រាជធានី-ខេត្ត ប្រធានស្ថាប័នបញ្ជាចេញភ្លាមនោះនឹងដោះស្រាយបានភ្លាមៗផងដែរ។
សម្តេចធិបតីបានថ្លែងថា មិនត្រូវប្រើប្រព័ន្ធឌីជីថល ដើម្បីតែទទួលព័ត៌មាននោះទេ តែត្រូវប្រើឌីជីថល ដើម្បីទទួលបានព័ត៌មាននោះទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីដោះស្រាយបញ្ហា ចំណុចនេះគឺជាកិច្ចការងារដ៏សំខាន់។
ទន្ទឹមនោះសម្ដេចធិបតីបានថ្លែងអំណរគុណដល់គ្រប់ប្រព័ន្ធព័ត៌មាន ដែលបានជួយផ្សព្វផ្សាយនូវព័ត៌មានត្រឹមត្រូវ ចូលរួមដោះស្រាយបញ្ហាដើម្បីជួយធានានូវប្រសិទ្ធភាព នៃការដឹកនាំ បម្រើប្រជាពលរដ្ឋ របស់រាជរដ្ឋាភិបាលនៅគ្រប់ជាន់ថ្នាក់ និងសម្ដេចក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានខិតខំដោះស្រាយបញ្ហា នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងឆាប់រហ័ស ក្រោយពីទទួលបានព័ត៌មានចេញពីបណ្ដាញសង្គមនានា៕