នៅព្រឹកថ្ងៃនះ នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក

សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ អញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

យោងតាមកម្រងសាវតារៀបចំដោយបញ្ជាការដ្ឋានកងទ័ពជើងគោក បានឱ្យដឹងថា កងទ័ពជើងគោក មានប្រវត្តិជាយូរលង់ណាស់មកហើយ ដោយគិតចាប់ពីសតវត្សរ៍ទី១ (ឆ្នាំ៥០ នៃគ.ស) គឺពេលដែលក្សត្រប្រទេស​ដំបូង​បានសោយរាជ្យក្នុងទឹកដីខ្មែរ ពោលគឺចាប់តាំងពី​សម័យ​នគរភ្នំ រហូត​មកដល់បច្ចុប្បន្ន ហើយកងទ័ពជើងគោក ត្រូវបានបានវិវត្តន៍ប្រែប្រួលជាច្រើន​លើក​ច្រើន​សារ ទៅតាមសម័យ និងដំណាក់កាលនីមួយៗ។

ក្រោមព្រះរាជបូជីយកិច្ចដឹកនាំ ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទាមទារបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ហើយក៏ជាពេលដែលកងយោធពលខេមរភូមិន្ទ ត្រូវបានបដិសន្ធិឡើងពេញ​លក្ខណៈ ដោយបានបង្កើតនូវអគ្គសេនាធិការ នៃកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក) កងទ័ពជើងអាកាសភូមិន្ទ និងកងទ័ពជើងទឹកភូមិន្ទ។

ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានធ្លាក់ក្នុងវិបត្តិនយោបាយ និងសង្គ្រាមផ្ទៃក្នុងបានផ្ទុះឡើង រហូតដល់មាតុភូមិកម្ពុជា បានបន្តធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលបានបំផ្លេចបំផ្លាញសង្គមជាតិ សេដ្ឋកិច្ច គ្មានសិទ្ធសេរីភាព ហើយក្របខណ្ឌ​រចនាសម្ព័ន្ធ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជាទី១ ត្រូវបានកម្ទេចចោលទាំងស្រុង។

ទោះបីជារបបប្រល័យពូជសាសន៍ ត្រូវបានដួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យ៉ាងណាក្តី ក៏ សង្គ្រាម និងជម្លោះផ្ទៃក្នុងនៅតែបន្តមាន និងបានអូសបន្លាយរហូតដល់មានកិច្ចចរចារស្វែងរង​សន្តិភាព​រវាងសម្តេចតេជោ ហ៊ុន សែន និងព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ជាច្រើនលើក ទើប​ឈានទៅដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រោយការបោះឆ្នោតសកល​ឆ្នាំ​១៩៩៣ ដែលរៀបចំដោយអ៊ុនតាក់ កងយោធពលខេមរភូមិន្ទ ត្រូវបានរៀបចំកសាងឡើងវិញ ឈរលើ​មូល​ដ្ឋានរចនាសម្ព័ន្ធកងទ័ពរបស់អតីតតរដ្ឋកម្ពុជា។

ដើម្បីសម្របទៅតាមគោលនយោបាយ ក្នុង និងក្រៅប្រទេសរបស់កម្ពុជា គឺការសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍ក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងឋានៈជាសមាជិក នៃសហគមន៍អាស៊ាន បញ្ជា​ការដ្ឋានកងទ័ពជើងគោក ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ តាមព្រះរាជក្រឹត្យលេខ នស/រកត/០១៩៩/២១ រួមជាមួយការបង្កើតអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ហើយនាយ​ឧត្តម​សេនីយ៍ មាស សុភា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកង​យោធ​ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងឧត្តសេនីយ៍ឯក ជា សារ៉ន ជាមេបញ្ជា​ការរង ​និងជានាយសេនាធិការ រួមជាមួយមេបញ្ជាការកងទ័ពជើងគោកមួយចំនួនទៀត។

នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្ត​ពីប្រមុខ​រាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយក្រសួងការពារជាតិ ក៏បានសម្រេច​ធ្វើ​ការកែសម្រួលបណ្តាកងពលធំ កងពលតូច ពីក្រោមការគ្រប់គ្រងដឹកនាំបញ្ជារបស់អគ្គបញ្ជាការ នៃកង​យោធ​ពលខេមរភូមិន្ទ មកស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំបញ្ជាផ្ទាល់ របស់បញ្ជាការដ្ឋាន​កងទ័ពជើង​គោក​វិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាន់ចេញផែនការកែទម្រង់ និងកសាងកងទ័ពជើងគោករយៈ​ពេល​២០​ឆ្នាំ (២០១៨-២០៣៨) ដោយបានកំណត់ការងារអាទិភាពមានដូចជា ១) ពង្រឹងផែនការប្រៀប​ការពារ​ជាតិ, ២) កែសម្រួលកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឱ្យ​សម​ស្របទៅតាមស្ថានភាពបន្ទាត់ព្រំដែន, ៣) កសាងអគារស្នាក់នៅជុំរំជុំរក របស់បណ្តាអង្គភាពតាម​បន្ទាត់​ព្រំដែន កងពលធំ កងពលតូច តំបន់ប្រតិបត្តិការសឹក និងកងការពារព្រំដែន, ៤) កែលម្អកម្មវិធីហ្វឹកហ្វឺន នៅតាមបណ្តាអង្កភាព និងបណ្តុះបណ្តាលកសាងយោធាចារ្យវ័យក្មេងគ្រប់ជំនាញនៅតាមបណ្តាសាលា, ៥) ធ្វើទំនើបកម្មសម្ភារ និងសព្វាវុធទូទាំងកងទ័ពជើងគោកតាមដំណាក់កាល។

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរង នៃកងយោធពល​ខេម​រ​ភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក និងឧត្តមសេនីយ៍ឯក ហួត ឈាង ទទួលបាន​ការ​តែងតាំងជាមេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក ដើម្បីបន្តអនុវត្តផែនការ​កំណែទម្រង់​២០​ឆ្នាំ របស់កងទ័ពជើងគោក (២០១៨-២០៣៨) របស់សម្តេចធិបតី។ ជាពិសេសបន្តអនុវត្តផែនការ​៥ឆ្នាំ ដំណាក់កាលទី២ គឺការពង្រឹងសមត្ថភាពទ័ព នាយទាហានបន្តវេន ការហ្វឹកហ្វឺនបណ្តុះបណ្តាល កិច្ចការ​គោលនយោបាយសោធននិវត្ត ការធ្វើទំនើបកម្មសព្វាវុធ ពង្រឹងផែនការប្រៀបការពារជាតិ ដើម្បីបន្ត​កសាង​កងទ័ពជើងគោកឱ្យរឹងមាំ។

ក្នុងសារលិខិតអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតឡើងវិញបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមបញ្ជាការ​នៃកងយោធពល​ខេមរភូមិន្ទ បានសម្តែងការកោតសរសើរចំពោះ ស្នាដៃនិងសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ន កងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី បានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខ ចូលរួមជំរុញការអភិវឌ្ឍ និងកសាង តំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្ដោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ»។

នាយឧត្តមសេនីយ៍អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានគូសរំលេចថា កងទ័ពជើងគោក បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជាបទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៍ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារ មនុស្សធម៌ ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ក្នុងនោះកងទ័ព ជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងទ័ពជើងគោកក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។

កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ។

សមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ញា មានភក្តីភាព សាមគ្គីភាព សមត្ថភាព ឯកភាព ផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈបំផុត៕

អត្ថបទដែលជាប់ទាក់ទង