រដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកកិច្ចប្រជុំប្រចាំខែ ជាលើកដំបូងសម្រាប់ឆ្នាំ២០២៤ ក្នុងគោលដៅ ពង្រឹងរបៀបរបបការងារក្នុងបរិបទថ្មី
«ព្រឹកនេះ ក្រសួងមុខងារសាធារណៈបានរៀបចំរបបប្រជុំប្រចាំខែ ជាលើកដំបូងសម្រាប់ឆ្នាំ២០២៤ ក្នុងគោលដៅ ពង្រឹងរបៀបរបបការងារក្នុងបរិបទថ្មី ធ្វើវឌ្ឍនភាពការងារ ចែករំលែកព័ត៌មានជូនគ្នាទៅវិញទៅមកឱ្យបានទៀតទាត់ពេលវេលា ដកស្រង់បទពិសោធន៍ការងារ ព្រមទាំងពិភាក្សាស្វែងរកដំណោះលើការប្រឈមនានាបានទាន់ពេលវេលាផង និងដាក់ទិសដៅការងារជាបន្តផង។ និយាយរួមគឺ យើងធ្វើការងារបណ្តើរ ពង្រឹងយន្តការ និងប្រសិទ្ធភាពការងារបណ្តើរ ហើយដោះស្រាយបញ្ហាឱ្យស្របតាមបរិបទជាមួយគ្នាជាបណ្តើរៗ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅលើទំព័រហ្វេសប៊ុកផ្លូវរបស់ឯកឧត្ដមដែលបណ្ដាញសារព័ត៌មាន They Mirror News ទើបទទួលបាននៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តគូសបញ្ជាក់ថា បើគិតត្រឹមថ្ងៃនេះ ក្រសួងមុខងារសាធារណៈបានវិវត្តខ្លួនរយៈពេល២៨ឆ្នាំ ហើយបន្ទាប់ពីការបង្កើតរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ក្នុងនោះក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងរបត់ថ្មី បានបន្តបេសកកម្មជាង៥ខែ។ ក្នុងរយៈពេល៥ខែ ២ថ្ងៃកន្លងមកនេះ យើងសម្រេចបានការងារជាច្រើនទាំងការងារស្នូលប្រចាំថ្ងៃ ទាំងការងារកែទម្រង់រដ្ឋបាលសាធារណៈ និងកិច្ចការងារពាក់ព័ន្ធដទៃទៀត។
ឯកឧត្ដមរដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា តាមរយៈរបាយការណ៍ការងារប្រចាំខែរបស់ក្រសួង និងតាមរយៈការចូលរួមមតិយោបល់របស់ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីនក្រសួងនាព្រឹកនេះ ឯកឧត្ដមពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការគ្រប់ៗរូប ចំពោះការអនុវត្តការងារ និងការសម្រេចបានជាសិមិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាលក្នុងពេលវេលាដ៏ខ្លីនេះ។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា ដ្បិតណាស់យើងមានបញ្ហាប្រឈម តែឯកឧត្ដមជឿជាក់ថា តាមរយៈសមត្ថភាព ចំណេះជំនាញ ស្មារតី និងឆន្ទៈរបស់មន្ត្រីក្រសួងគ្រប់ៗរូប នៃអង្គភាពនីមួយៗ យើងនឹងអាចសម្រេចបានការងារជាច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន ជាពិសេសសម្រេចបាននូវគោលដៅកែទម្រង់រដ្ឋបាលសាធារណៈ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលជាទស្សនវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕