ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំភ្លឺថា ករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព តាមពិតជាប្រជាការពារសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ
បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមថា មានករណីមន្ត្រីចំនួន០៣នាក់ ជិះម៉ូតូពាក់ឯកសណ្ឋាន និងមិនពាក់មួកសុវត្ថិភាព។
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាឱ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវករណីនេះភ្លាមៗជាបន្ទាន់ និងបានរកឃើញថា បុគ្គលទាំង០៣នាក់ខាងលើនេះ ជាប្រជាការពារនៃសាលាខណ្ឌ៧មករា មិនមែនជាមន្ត្រីនគរបាលនោះទេ។
ដោយឡែកនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ក៏បានធ្វើការកោះហៅប្រជាការពារ០៣នាក់ខាងលើ ដើម្បីធ្វើកិច្ចសន្យា និងធ្វើការផាកពិន័យតាមច្បាប់ អត់ពាក់មួកសុវត្ថិភាពក្នុង១ម្នាក់ៗចំនួន៦០,០០០រៀលផងដែរ៕