តំណាងរដ្ឋមន្ត្រីសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3)

នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ នារសៀលថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ដោយទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP) បានដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២៤ ស្តីពីការពិនិត្យ និងតាមដានវឌ្ឍនភាពការសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត ៣ (BSL3) របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃគម្រោងឆ្លើយតបបន្ទាន់នឹងជំងឺកូវីដ-១៩ (COVID-19 ERP)។

គោលបំណងនៃកិច្ចប្រជុំនេះ រួមមាន៖
១. ពិនិត្យវឌ្ឍភាពការងារសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3)
២. បញ្ហាប្រឈមនានាក្នុងអំឡុងពេលនៃការងារសាងសង់
៣. ពិភាក្សារកដំណោះស្រាយ ដើម្បីជម្រុញការងារសាងសង់ឱ្យបានរលូន
៤. ការកំណត់ផែនការដែលត្រូវអនុវត្តបន្ត

ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់អគារជីវៈសុវត្ថិភាពមន្ទីរពិសោធន៍កម្រិត៣ (BSL3) នៅទីតាំងការដ្ឋានផ្ទាល់ផងដែរ។ ជាលទ្ធផលការងារសាងសង់បានដំណើររលូន និងសម្រេចបានដូចផែនការដែលបានគ្រោងទុក។

នៅកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រីអគ្គនាយករងបច្ចេកទេសសុខាភិបាល លោក លោកស្រី ជាក្រុមការងារពាក់ព័ន្ធនៃក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុនសាងសង់ ASBIC Construction Co., Ltd ៕

អត្ថបទដែលជាប់ទាក់ទង