ឯកឧត្ដម ជិន ម៉ាលីន៖ ការចោទប្រកាន់បទល្មើសលើជនសង្ស័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ នៅត្រង់ចំណុចស្ពានឫស្សីកែវ រាជធានីភ្នំពេញមិនស្រាលទេ គឺធ្ងន់ធ្ងរជាង បទមនុស្សឃាតដោយអចេតនាធម្មតាទៅទៀត

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះថា នៅយប់នេះ ឯកឧត្ដមសូមជូនចំណេះដឹងផ្នែកច្បាប់ខ្លះ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍។ឯកឧត្ដមបន្តថា ប៉ុន្មានថ្ងៃនេះ មានការលើកឡើងទៅនឹងបទចោទ បើកបរដោយធ្វេសប្រហែស លើជនសង្ស័យបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់ នៅត្រង់ចំណុចស្ពានឫស្សីកែវ រាជធានីភ្នំពេញនាពេលថ្មីៗនេះ ថាការចោទប្រកាន់នេះស្រាលពេក។

ជាមួយនោះ ឯកឧត្ដម ជិន ម៉ាលីន បានពន្យល់ឲ្យដឹងថា ការលើកឡើងនេះ គឺមិនត្រឹមត្រូវទេ តាមផ្លូវច្បាប់ និងដោយសារតែមិនបានយល់ច្បាស់អំពីទិដ្ឋភាពច្បាប់ ពាក់ព័ន្ធនឹងបទចោទនេះ។ បើផ្អែកលើ មាត្រា៨៥នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក អំពើបើកបរក្នុងស្ថានភាពស្រវឹង និងបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន បែបនេះ គឺអាចត្រូវផ្តន្ទាទោសក្នុងពន្ធនាគារ រហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លាន រៀលទៅ២៥លានរៀល បូករួមជាមួយទោសបន្ថែមមួយចំនួនទៀតដូចជាព្យួរបណ្ណបើកបរ និងហាមឃាត់ការបើកបរជាដើម ។ល។

ទន្ទឹមនោះ ឯកឧត្ដម ជិន ម៉ាលីន បានគូសបញ្ជាក់ឲ្យដឹងថាដូច្នេះការចោទប្រកាន់បទល្មើសនេះ មិនស្រាលទេ គឺធ្ងន់ធ្ងរជាង បទមនុស្សឃាតដោយអចេតនាធម្មតាទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង