ឯកឧត្ដម ជិន ម៉ាលីន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាចំនួន ១ ខ្នង មាន ៣បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត ក្នុងសាលាបឋមសិក្សាគីឡូលេខ៤ ឃុំព្រៃតូច ស្រុកមោងឫស្សី
រដ្ឋលេខាធិការ អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី ឯកឧត្ដម ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឫស្សី នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤នេះបានចូលរួមជាអធិបតីក្នុងពីធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាចំនួន ១ ខ្នង មាន ៣ បន្ទប់ និងសមិទ្ធផលផ្សេងៗទៀត» ក្នុងសាលាបឋមសិក្សាគីឡូលេខ៤ ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជាអំណោយរបស់សប្បុរសជនមកពីអាមេរិក។
នៅលើទំព័រហ្វេសប៊ុក ឯកឧត្ដម ជិន ម៉ាលីន បានលើកឡើងថា ថ្ងៃនេះ បើកឆាកនីតិកាលថ្មី ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកមោងឫស្សី ធ្វើការសម្ពោធសមិទ្ធផលថ្មី លើដែនដីចាស់ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជាមួយនោះ ឯកឧត្ដម ជិន ម៉ាលីន បានសម្ដែងការចូលរួមអបអរសាទរ អ្នកឃុំព្រៃតូចទាំងអស់ ជាមួយសមិទ្ធផលថ្មី អគារសិក្សា ១ ខ្នង មាន ៣ បន្ទប់ ក្នុងសាលាបឋមសិក្សាគីឡូលេខ៤៕