រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានត្រូវសរសេរព័ត៌មានពិត ឈរលើប្រភពនិងប្រកាន់គោលការណ៍បី «ខ្លី ខ្លឹម ខ្លាំង»
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឲ្យការផ្សាយសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវ អនុវត្តន៍នូវគោលការណ៍៣ជាសំខាន់ គោរពក្រមសីលធម៍ សរសេរព័ត៌មានពិតឈរលើប្រភព និងប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង»។
ការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងឳកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងសមត្ថភាព អ្នកសារព័ត៌មានវគ្គទី៥ ចំនួន១៥០នាក់ រៀបចំឡើងដោយសមាគមសម្ព័ន្ធ អ្នកសារព័ត៌មានសកលសន្តិភាព សហការជាមួយ ក្រសួងព័ត៌មាន និងសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នាអគារសេរីភាព ស្ថិតនៅវិថីវិចិត្រសិល្បៈ(ផ្លូវOCIC) សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
គួរជម្រាបថា វគ្គបណ្តុះបណ្តាលខាងលើនេះ ផ្តោតជាសំខាន់លើប្រធានបទ៖ ១.ពិធីករពិធីការិនី ២.អ្នកអត្ថាធិប្បាយ ៣.រៀនអនុវត្តការសរសេរ 5WH ៤.រៀនអនុវត្តបច្ចេកទេសថតរូបភាពនិងវីដេអូ ។
គួររំលឹកផងដែរថា តាមរយៈវគ្គបណ្តុះបណ្តាលខាងលើនេះ ក្រសួងព័ត៌មាន នឹងផ្តល់គ្រូបង្គោលលើ៣មុខវិជ្ជា៖ មុខវិជ្ជាពិធីករពិធីការិនី មុខវិជ្ជាអ្នកអត្ថាធិប្បាយ និងមុខវិជ្ជាបច្ចេកទេស ថតរូបពីក្រសួងព័ត៌មាន៕