រដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា៖ «ប្រឡងរួចរាល់ភ្លាម ចេញលទ្ធផលពិន្ទុភ្លាម»

ឯកឧត្ដមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា៖ «ប្រឡងរួចរាល់ភ្លាម ចេញលទ្ធផលពិន្ទុភ្លាម»។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្ថមរដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា បន្ទាប់ពីបានបញ្ចប់ការប្រឡងប្រភេទវិញ្ញាសាសរសេររួចរាល់ បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ត្រូវឆ្លងកាត់ការប្រឡងប្រជែងប្រភេទវិញ្ញាសាអនុវត្តន៍កីឡា ដោយបែងចែកជាវិញ្ញាសាចំនួន៣គឺ វិញ្ញាសាចោលដុំដែក, វិញ្ញាសាលោតចម្ងាយ និងវិញ្ញាសារត់ល្បឿន។ ថ្ងៃនេះជាថ្ងៃទី២ នៃការប្រឡងប្រភេទវិញ្ញាសាអនុវត្តន៍កីឡានេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា ជាការកត់សម្គាល់ ប្អូនៗជាបេក្ខជនគ្រប់ៗរូបសុទ្ធបានបង្ហាញពីភាពជឿជាក់ដោយប្រើប្រាស់សមត្ថភាពពិតប្រាកដ និងតាំងចិត្តយ៉ាងមុតមាំក្នុងការប្រកួតប្រជែង។ បន្ទាប់ពីការប្រកួតប្រជែងនីមួយៗ បេក្ខជនអាចទទួលបានពិន្ទុ និងចុះហត្ថលេខាទទួលស្គាល់លទ្ធផលរបស់ខ្លួនបានភ្លាមៗតែម្តង។

ទន្ទឹមនោះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងដែរថា ប្រភេទវិញ្ញាសាអនុវត្តន៍កីឡា ប្រព្រឹត្តទៅដោយត្រូវប្រើប្រាស់រយៈពេល ៨ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះដោយស្ម័គ្រចិត្ត៕

អត្ថបទដែលជាប់ទាក់ទង